(ភ្នំពេញ)៖ ដើម្បីប្រសិទ្ធភាពនៃការ អង្កេតស្រាវជ្រាវភាព មិនប្រក្រតីរបស់មន្ត្រី នគរបាល ពេលចុះប្រតិបត្តិការបង្ក្រាប ផលិតផលក្លែងក្លាយ កន្លងទៅ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសដាក់ លេខទូរសព្ទពីរខ្សែ គឺ 089 770 917 និង 089 371 007 សម្រាប់សាធារណជន ឬប្រជាពលរដ្ឋ ដែលទទួលរងភាពមិនប្រក្រតី ឬភាពអយុត្តិធម៌នៅ ពេលប្រតិបត្តិការរបស់ មន្ត្រីនគរបាលជាតិ ចំណុះអង្គភាពប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ច ក្រសួងមហាផ្ទៃ មានលទ្ធភាពងាយស្រួល ក្នុងការដាក់បណ្ដឹង ផ្ដល់ភស្ដុតាង ឬសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនានា។
ទន្ទឹមគ្នានេះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក៏បានបង្កើត ក្រុមការងារជំនាញមួយ ដើម្បីធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមពាក្យ បណ្ដឹងពាក់ព័ន្ធនឹង ប្រតិបត្តិការរបស់ មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គមស្ថិត នៅក្នុងដែន សមត្ថកិច្ចរបស់ ក្រសួងមហាផ្ទៃ ផងដែរ។
ក្រុមការងារអង្កេត ស្រាវជ្រាវនេះ មានសមាសភាព ចំនួន ១១រូប ដឹកនាំដោយអគ្គាធិការរង ១រូបជាប្រធាន, អគ្គាធិការ រងមួយចំនួនជាអនុប្រធាន, និងប្រធាននាយកដ្ឋាន មួយចំនួនជាសមាជិក។ ក្រុមការងារអង្កេតស្រាវជ្រាវនេះ មានតួនាទីភារកិច្ច ទទួលពាក្យបណ្ដឹង តាមដាន ប្រមូលព័ត៌មាន លើកសំណើសុំគោលការណ៍ទៅអគ្គាធិការ ដើម្បីចាត់ចែងបណ្ដឹង និងព័ត៌មានដែលទទួលបាន។
ក្រៅពីនេះមានតួនាទី ភារកិច្ចស៊ើបអង្កេតស្រាវជ្រាវ រាល់ការអនុវត្តតួនាទីភារ កិច្ចរបស់មន្ត្រីរាជការក្នុងការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ និងធ្វើរបាយការណ៍ ដាក់ជូនអគ្គាធិការ ពិនិត្យសម្រេច។
ការប្រកាសដាក់ ប្រព័ន្ធទូរសព្ទទាំងពីរខ្សែ«089 770 917 និង 089 371 007» និងការបង្កើតក្រុមការងារអង្កេតស្រាវជ្រាវនេះ គឺយោងតាមសេចក្ដី សម្រេចរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិត ផលក្លែងក្លាយ ស្ថិតនៅក្នុងសមត្ថកិច្ច ក្រសួងមហាផ្ទៃ ដែលបានប្រគល់ ភារកិច្ចជូនអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមពាក្យ បណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការ របស់មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនា ពេលថ្មីកន្លងទៅ។
នេះបើយោងតាមការ ឲ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣៕