(ខេត្តបន្ទាយមានជ័យ)៖ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យ កម្លាំងនគរបាលទូទាំង ខេត្តពិសេសកម្លាំង ជំនាញត្រូវបង្ក្រាបរាល់បទល្មើស បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាន នៅសន្តិសុខសុវត្ថិភាពសង្គម ភូមិឃុំ-សង្កាត់មានសុវត្ថិភាព។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន សហការពីកម្លាំង អធិការដ្ឋាននគបាល ស្រុកស្វាយចេក និងស្រុកថ្មពួក ចុះស្រាវជ្រាវនិងបង្ក្រាប បានមុខសញ្ញាជនសង្ស័យ ជួញដូរគ្រឿងញៀន និង ប្រើប្រាស់អាវុធខុសច្បាប់ ចំនួន២នាក់ រួមមាន ១-ឈ្មោះ អូ ទាវ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិតាអុងកើត ឃុំរលួស ស្រុកស្វាយចេក ត្រួតពិនិត្យឃើញមាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន០១ដើម មានបង់២ នឹងគ្រាប់ ៤៦គ្រាប់ និង ២-ឈ្មោះ ឡុន សុលី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ។
ប្រតិបត្តិការបង្ក្រាបនេះ ដោយមានការ សម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលកម្លាំងនគរបាលយើង ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានវត្ថុតាងមួយចំនួន មានដូចជា៖ កូនជញ្ជីងចំនួន២ កាំភ្លើងខ្លីកែឆ្នៃ ចំនួន១ កាំភ្លើងវែងកែឆ្នៃចំនួន ៣ដើម គ្រាប់កាំភ្លើង អាកា ចំនួន៩គ្រាប់ នឹងបង់ចំនួន១បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន២ -សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន -ដែកកេះកែឆ្នៃសម្រាប់ជក់គ្រឿងញៀនចំនួន២០។
ក្រោយសួនាំ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង្ស័យរួមជាមួយវត្ថុតាង នគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់៕