(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបប្រជុំទ្វេ ភាគីជាមួយសមភាគីថៃ លោកជំទាវ PUANGPET CHUNLAIAD រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃប្រទេសថៃដើម្បី ពិភាក្សាលើកិច្ចសហ ប្រតិបត្តិការរវាង ក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានប្រទេសថៃ លើផ្នែកព័ត៌មាននិង ផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងក្របខណ្ឌនៃ កិច្ចប្រជុំរដ្ឋមន្ត្រីទទួល បន្ទុកព័ត៌មាន អាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងដាណាង ប្រទេសវៀតណាម។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថាកម្ពុជា និងថៃបានសហការគ្នា យ៉ាងល្អលើវិស័យព័ត៌មាន ដែលក្នុងនោះកម្ពុជា និងថៃបានចុះអនុស្សរណៈ នៃការយោគយល់គ្នា កាលពីឆ្នាំ២០០៦ ផ្តោតលើកិច្ចសហការ លើការងារព័ត៌មាន និងផ្សព្វផ្សាយ ជាពិសេស កម្មវិធីវិទ្យុមិត្តភាព នៅតាមព្រំដែនដែល បានដើរតួនាទីយ៉ាង សំខាន់ក្នុងការផ្លាស់ប្តូរព័ត៌មាន និងការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋរស់ នៅតាមបណ្តោយព្រំដែនពី ព័ត៌មានផ្សេងៗ ជាពិសេសទាក់ទងនឹង ច្បាប់ទម្លាប់ដើម្បីពលរដ្ឋបាន ដឹងនិងចូលរួមអនុវត្ត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តួចផ្តើមពីកិច្ច សហប្រតិបត្តិការក្នុង ការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ដែលបានបង្កនូវបញ្ហាជាច្រើន។
ឯកឧត្តមបាន គូសបញ្ជាក់ថា ក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មាន របស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះពីតាម រយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គម។ ទន្ទឹមនឹងការផ្តល់ នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បាន ធ្វើឱ្យមានបញ្ហានៃការ បំពុលព័ត៌មានតាមរយៈ ការបង្កើតព័ត៌មានក្លែងក្លាយ ដែលមានចេតនាទុច្ចរិត។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ ថាព័ត៌មានក្លែងក្លាយ បានធ្វើឱ្យប៉ះពាល់ អវិជ្ជមានដល់ប្រជាពលរដ្ឋ ក្នុងការទទួលបាន ព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះ បង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿ ទុកចិត្តផងដែរ ហើយដែលយើង ទាំងអស់គ្នាចាំបាច់ត្រូវ សហការគ្នាក្នុងការបង្ការ និងទប់ស្កាត់ឱ្យខានតែបាន។
ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ លើការប្រឆាំងនឹងព័ ត៌មានក្លែងក្លាយនេះ ភាគទាំងពីរបានឯកភាព គ្នានឹងបន្តសិក្សាបន្ថែមទៀត ជាមួយគ្នាដើម្បីធ្វើបច្ចុប្បន្នភាព លើអនុស្សរណៈនៃការយោគ យល់ដែលមានស្រាប់ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែមានប្រសិទ្ធភាព ហើយប្រទេសទាំងពីរ អាចទប់ស្កាត់និង បង្ការព័ត៌មានក្លែងក្លាយ ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ព័ត៌មានពិតប្រាកដ និងត្រឹមត្រូវជូន ដល់ពលរដ្ឋ។