ខេត្តស្ទឹងត្រែងៈនៅសាលាខេត្តស្ទឹងត្រែងនាថ្ងៃទី២០កញ្ញា២០២៣នេះ រដ្ឋបាលខេត្តបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០០២ សណន ស្តីពីការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត ដល់ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា ទីចាត់ការចំណុះ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំ របាយការណ៍ប្រចាំខែ ឆមាស ប្រចាំឆ្នាំប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព គុណភាព និង ទាន់ពេលវេលា ក្រោមអធិបតីភាព លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃ គណៈអភិបាលខេត្ត និងមានការចូលរួមពី កំលាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ផងដែរ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក ញ៉ែម សារី អភិបាលរងខេត្តមានប្រសាសន៍ថាការចូលរួមរបស់ប្រធាន អនុប្រធានមន្ទីរ មន្រ្តីពាក់ព័ន្ធ អង្គភាពជុំវិញខេត្តក្នុងការប្រជុំផ្សព្វផ្សាយ ដើម្បីជ្រាប និងដឹងពីសេចក្តីណែនាំលេខ០០២ សណន ស្តីពីការរៀបចំរបាយការណ៍អនុវត្តការងារ គឺសំដៅដល់របាយការណ៍ស្តីពីសមិទ្ធិផល សម្រេចបានក្នុងរយៈ ពេលកំណត់ជាក់លាក់ បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារសំរាប់អនុវត្តបន្ត។
លោក ញ៉ែម សារី អភិបាលរងខេត្តបន្តមានប្រសាសន៍ថា៖ គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយក ចិត្តទុកដាក់ស្តាប់ នៃការធ្វើបទបង្ហាញ ដើម្បីធានាឱ្យការបូកសរុបរបាយការណ៍រដ្ឋបាលខេត្តប្រកប ដោយគុណភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។SAMNEANG