ស្ត្រីជនជាតិថៃម្នាក់ លួចលុយក្រុមហ៊ុន ខារាអូខេ ១កន្លែងបាន លុយចំនួន១,៣០០,០០០បាត  ចូលកាស៊ីណូ លេងល្បែងចាញ់ អស់ត្រូវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មានស្រ្តីជាជនជាតិថៃម្នាក់ បានចូលលួចលុយ ក្នុងកុងរបស់ក្រុមហ៊ុន ខារាអូខេ១កន្លែង បានលុយចំនួន ១,៣០០,០០០បាត ចូលកាស៊ីណូលេង ល្បែងចាញ់អស់ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពី បាត់លុយអស់ច្រើន ម្ចាស់ក្រុមហ៊ុន ឈ្មោះ ម៉ឹង សុខហេង ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិមិត្តភាព  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ពាក្យបណ្តឹងដល់ កំលាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ក្រោយពីបានទទួល ពាក្យប្តឹងហើយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានដឹកនាំកំលាំង អាវុធហត្ថប៉ោយប៉ែត ១ក្រុមចុះធ្វើការ ស្រាវជ្រាវឈានដល់ ឃាត់ខ្លួនស្ត្រីជនជាតិថៃ ម្នាក់មានឈ្មោះ សារ៉ាបាន់ អុធុមផន ហៅមុត ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២៣បញ្ជូនមកអាវុធហត្ថ ក្រុងដើម្បីសាកសួរបន្ត។

វរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹង បន្តទៀតថាក្រោយពី ទទួលបានដីកាសម្រេច ឲ្យបើកការស៊ើប អង្កេតបឋមរួច កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចាត់ការតាមនីតិវិធី ដោយបានធ្វើការ កោះហៅឈ្មោះ សារ៉ាបាន់ អុធុមផន ហៅមុត ឲ្យចូលខ្លួនមកបំភ្លឺ ក្នុងនោះជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួច ប្រាក់របស់ក្រុមហ៊ុន (ខារ៉ាអូខេ) របស់ជនរងគ្រោះ ជាបន្តបន្ទាប់ សរុបចំនួន ១,៣០០,០០០បាត  ហើយប្រាក់ដែលលួចបាន គឺរូបគេយកទៅលេងល្បែងរហូតចាញ់អស់ពីខ្លួន បន្ទាប់មកកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន តែម្តង និងបានកសាង សំណុំរឿងបញ្ជូនមកកាន់ បញ្ជាការដ្ឋានកង រាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការបង្ក្រាបករណី ខាងលើនេះ ក្រោយពីទទួលបាន ការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តផងដែរ ជនសង្ស័យ ត្រូវបានកម្លាំងការិយា ល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអាទិត្យទី១៧ ខែកញ្ញាឆ្នាំ ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី ច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *