ពិធីបើកវគ្គ “ បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលសម្រាប់សិស្សនាយនគរបាល នគរបាលរង ក្របខណ្ឌថ្មី នៅសាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែង!

ស្ទឹងត្រែងៈនៅរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែង ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ “បណ្តុះបណ្តលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់សិស្សនគរបាល នគរបាលក្របខណ្ឌថ្មី ចំនួន១៨០នាក់ ជានារីចំនួន២៩នាក់ មកពីនាយកដ្ឋាននគរបាលការពារព្រំដែនគោក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី ដែលសិក្សាមានរយៈពេល៤ខែ។
នៅបន្ទាប់ពីស្តាប់របាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ នាយកសាលា ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន បានមានប្រសាន៍ថា នេះជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៏សំខាន់ និងចាំបាច់ នៅក្នុងឆាក ជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ។ សិស្សដែល អាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាតែសិក្សាទទួលបានជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។
ឯកឧត្តមបន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន ការងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត-សិក្ខាកាម សិស្សនាយនគរបាល និង សិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឱ្យ មានវប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្ភារៈសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រ នគរបាល និងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល ព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃយើងទាំងអស់គ្នា។

ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ បានណែនាដល់សិស្សនគរបាលគ្រប់រូបត្រូវ យកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួននិងហាមដាច់ខាតចំពោះការ ប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា – ត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា។

ប្រកាន់ខ្ជាប់នូវទស្សនៈ “រៀនឱ្យចេះ មិនមែនរៀនឱ្យចប់ » «គុណភាពមិនអាចសម្របសម្រួលបានឡើយ» – អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា នឹងមិនត្រូវបានផ្តល់វិញ្ញាបនបត្រជូនទេ។

ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំ ផ្តល់ជំនឿទុកចិត្តមកលើខ្លួន។

SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *