(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី ១ខ្នង កម្ពស់ ២ជាន់ ចំនួន ១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិទ្ទ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តបាត់ដំបង, លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា យោងតាមរបាយការណ៍របស់ លោកអភិបាលស្រុក បានលើកឡើងថា សមិទ្ធផលដែលដាក់សម្ពោធនាពេលនេះ បានចំណាយថវិកាសរុបចំនួន ២០០,០០០ដុល្លារ ហើយថវិកាដែលបានចំណាយនេះ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន របស់ក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឯកភ្នំ និងសប្បុរសជនក្នុងស្រុក និងក្រៅស្រុកផងដែរ។ សម្ដេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឯកភ្នំ និងសប្បុរសជននានា ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានស្រុកឯកភ្នំ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា តាមរយៈជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបានផ្តល់នូវកាលានុវត្តភាព ដ៏ធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា «សន្តិភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ។ បើគ្មានសន្តិភាព គឺពុំមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះឡើយ»។
សម្ដេចក្រឡាហោម បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តថែរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានរឹងមាំ ដែលធានាបានប្រក្រតីភាព នៃការប្រព្រឹត្តទៅនៃស្ថាប័នជាតិ ទប់ស្កាត់ការប៉ុនប៉ងបង្កចលាចលវឹកវរក្នុងសង្គម ធានាភាពសុខសាន្តរបស់ប្រជាជន ដោយចាត់ទុកការងារទាំងនេះ ជាការងារអាទិភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់លើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាសន្តិសុខ សុវត្ថិភាពនៅតាមភូមិ-ឃុំ-សង្កាត់ ទូទាំងប្រទេស។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់សមត្ថកិច្ច ត្រូវខិតខំធ្វើអំពើល្អក្នុងសង្គម ត្រូវរួមគ្នាពង្រឹងយុត្តិធម៌សង្គម ខិតខំលើកកម្ពស់ការបម្រើសេវាសាធារណៈ និងដោះស្រាយសំណើ សំណូមពរនូវសេចក្ដីត្រូវការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនមានការរើសអើង។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមត្រៀមខ្លួនឱ្យបានល្អត្រឹមត្រូវ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕