រដ្ឋបាលខេត្តស្ទឹងត្រែង និង មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំ ពិធី«បុណ្យរុក្ខទិវា៩ កក្កដា » ឆ្នាំ២០២៣!


ស្ទឹងត្រែង÷ នៅព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធ «បុណ្យរុក្ខទិវា ៩ កក្កដា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម គណៈអភិបាលរងខេត្តសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស សរុបចំនួន ៦០០នាក់។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានឲ្យដឹងថា ពិធីបុណ្យរុក្ខទិវាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅខេត្តស្ទឹងត្រែងរបស់ យើងនេះ ដើម្បីធ្វើការស្ដារ និងដាំដុះព្រៃឈើឡើងវិញ។ ជាក់ស្ដែងចាប់ពីឆ្នាំ២០០៤ រហូត ដល់ឆ្នាំ២០២៣ ខេត្តស្ទឹងត្រែង បានប្រារព្ធបុណ្យរុក្ខទិវាដាំដើមឈើ និងធ្វើការបណ្តុះកូនឈើចែកចាយ ជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗ យកទៅធ្វើការដាំដុះជារៀងរាល់ឆ្នាំ។
លោកបានបន្តថាដោយឡែក នៅក្នុង ឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានបណ្តុះ និងចែកចាយកូនឈើចម្រុះប្រភេទ បានប្រមាណ ២៩៣០ដើម សម្រាប់ដាំសងខាងផ្លូវ និងធ្វើការចែកចាយជូនប្រជាពលរដ្ឋនិងស្ថាប័នផ្សេងៗទៀត ដាំដុះក្នុង រដូវវស្សានេះ ព្រមទាំងបានបំផុសចលនាដល់គូរស្រុកថ្មី ដាំកូនឈើក្នុងម្នាក់ ០១ដើម ក្នុងពេលប្រារព្ធ អាពាហ៍ពិពាហ៍ ដើម្បីទុកជាអនុស្សាវរីយ៍ចំណងដ គួរស្វាមីភរិយាថ្មី។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា រុក្ខទិវាត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចំបងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ អភិរក្សវិស័យព្រៃឈើ នៅកម្ពុជា ដែលសម្បត្តិដ៍មានតម្លៃមិនអាចកាត់ថ្លៃបាន។ ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ណាស់ សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ ការពារការបំរែបំរួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗ និងផ្តល់នូវភាពបៃតង បរិយាកាសស្រស់បំព្រង ដែលជាមរតកដ៍មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងជាសេនាធិការ សហការជាមួយអាជ្ញាធរ ដែនដីនៅមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច ចាត់វិធានការ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបបទល្មើស ការកាប់រាន ការដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុំព័ទ្ធ យកដីព្រៃឈើធ្វើជាកម្មសិទ្ធិ ដែលកំពុងកើតឡើងថ្មីៗ និងបទល្មើសព្រៃឈើផ្សេងៗទៀតនៅក្នុង ខេត្តស្ទឹងត្រែង ឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត។ ឯកឧត្តមក៏បានស្នើឱ្យ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង អាជ្ញាធរដែនដីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន មេត្តាចូលរួមថែរក្សាជាប្រចាំ ចំពោះកូនឈើដែលបានដាំរួចហើយ ដើម្បីឱ្យកូនឈើទាំងនោះដុះលូតលាស់បានឆាប់រហ័ស សម្រាប់ជាប្រយោជន៍រួម របស់យើងទាំងអស់គ្នា។  SAMNENG.

You might like

Leave a Reply

Your email address will not be published. Required fields are marked *