ក្រុមអ្នកស្រាវជ្រាវ នៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ស្ទឹងត្រែង រដ្ឋបាលជលផលនិងអង្គការ WWF បានបង្ហាញការអបអរសាទរ នៅពេលឃើញសត្វផ្សោតក្បាលត្រឡោក កើតកូនថ្មីមួយបន្ថែមទៀត ដែលជា «កូនផ្សោតទី៤» ក្រោយការប្រទះឃើញហែលទឹកលេងក្នុងអន្លង់ព្រែកកាំពី នៃទន្លេមេគង្គ តាមរយៈរូបថតដែលថតបាន នៅម៉ោង១ និង៣០នាទីរសៀល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹងថា តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ ៥ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យ ៥ក្បាលទៀត និងជាការកត់សម្គាល់ នេះជាកូនផ្សោតទី ៤ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល។
ដោយឡែក នាយខណ្ឌរដ្ឋបាលជលខេត្តស្ទឹងត្រែង លោក ស្រី សំវិចិត្រ បានប្រាប់ឲ្យដឹងថា នៅក្នុងអន្លង់អភិរក្ស នៃដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០២៣នេះ កូនផ្សោតកើតថ្មី មានចំនួន ១ក្បាល និងផ្សោតធំបានស្លាប់ ១ក្បាល។ លោកថា នៅខេត្តក្រចេះឯណោះវិញ កូនផ្សោតកើតថ្មី មានចំនួន ៣ក្បាលទាំងលើកនេះ និងកូនផ្សោតបានស្លាប់ ១ក្បាល ផងដែរ។ លោកបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កូនផ្សោតកើតថ្មី មានចំនួន ៤ក្បាល ( ៤លើក) និងស្លាប់ ២ក្បាល នៅក្នុងអន្លង់អភិរក្ស ទន្លមេគង្គខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
លោក ស្រី សំវិចិត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកនេសាទទាំងអស់ ជាពិសេសប្រជានេសាទ ដែលស្ថិតនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ សូមចូលរួមអនុវត្តច្បាប់ ស្តីពីជលផល គោរពនូវអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដោយហាមប្រាមនូវការប្រើប្រាស់ឧបករណ៍មង និងសន្ទូចរនង នៅក្នុងតំបន់ស្នូលដែលជាតំបន់សត្វផ្សោតរស់នៅ។
លោក ស្រី សំវិចិត្រ បានបន្តអំពាវនាវ ដល់ប្រជានេសាទ មិនឲ្យប្រើប្រាស់ឧបករណ៍ឆក់ ការប្រើថ្នាំបំពុល និងគ្រឿងផ្ទុះ ដែលជាបទល្មើសនេសាទ ត្រូវបានហាមឃាត់ជាដាច់ខាត។ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមការពារ និងទប់ស្កាត់ទាំងអស់គ្នា ដើម្បីសត្វផ្សោតដែលជារតនសម្បត្តិមានជីវិតរបស់កម្ពុជា បន្តមានជីវិតរស់នៅ សម្រាប់កូនចៅយើងគ្រប់ជំនាន់ក្រោយៗទៀត បានឃើញ និងបានស្គាល់ ព្រោះត្បិតសត្វផ្សោតនៅលើពិភពលោក មានតែប្រទេសកម្ពុជាទេ ដែលមានច្រើនជាងគេ ពិសេសសត្វផ្សោតទឹកសាប សត្វផ្សោតក្បាលត្រឡោក ឬ សត្វផ្សោតមេគង្គ ដែលមាននៅប្រទេស ៣តែប៉ុណ្ណោះ គឺនៅប្រទេសកម្ពុជា ប្រទេសភូមា និងប្រទេសឥណ្ឌូនេស៊ី៕SAMNEANG