ស្ទឹងត្រែងៈដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ក្នុងការទទួលព្រះអគ្គីកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ឆ្លងកាត់ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីទទួលដង្ហែព្រះអគ្គីកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនិងត្រូវដង្ហែរចូលតាមច្រកទ្វាអន្តរជាតិត្រពាំងគ្រៀល ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ខាងមុខដ៏ខ្លីខ្លះនេះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាព្រឹត្តិការណ៍កីឡាខ្នាតអន្តរជាតិដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ ។ ដើម្បីឲ្យសាកសមនិងក្នុងនាមជាយើងម្ចាស់ផ្ទះ យើងត្រូវទទួលនិងការពារសន្តិសុខសណ្តាប់សាធារណៈធ្វើយ៉ាងណាឲ្យការទទួលធ្វើជាម្ចាស់នេះ និងការការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមប្រព្រឹត្តិទៅដោយរលូន និងគ្មានបញ្ហាអ្វីធ្វើឲ្យប៉ះពាល់ និងបង្កជាបញ្ហារាំងស្ទះដល់កិច្ចដំណើរការការប្រកួតកីឡានេះឡើយ។
ឯកឧត្តម បន្តថាសម្រាប់ខេត្តស្ទឹងត្រែងរួមចំណែកក្នុងការទទួលខុសត្រូវរៀបចំ ដោយសារការដង្ហែភ្លើងគុបឬព្រះអគ្គីកីឡាដែលឆ្លងតាមប្រទេសឡាវ និងបន្តចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិត្រពាំងគ្រៀល ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រទឹកដីខេត្តស្ទឹងត្រែង។ឯកឧត្តមបន្ថែមថាយើងមានតួនាទីធ្វើយ៉ាងណាទទួលការដង្ហែភ្លើងគុបនេះឲ្យបានសមស្រប សាកសមនិងកិត្តិយសរបស់ប្រទេសកម្ពុជា និងរៀបចំធ្វើយ៉ាងណាឲ្យបានសមរម្យទៅតាមការរៀបចំរបស់គណៈកម្មាការប្រកួតកីឡាស៊ីហ្គេមអន្តរជាតិ និងត្រូវអនុវត្តការងារនេះប្រកបដោយភាពទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់។