(ខេត្តបាត់ដំបង)៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវអំពាវដល់ លោកគ្រូ អ្នកគ្រូ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជា ច្រើនរូបទៀត ក្នុងការបន្តដឹកនាំ ក៏ដូចជាអភិវឌ្ឍន៍ ប្រទេសជាតិ អោយកាន់ តែរីកចម្រើនថែមទៀត ពិសេសបន្តរក្សា បាននូវសុខសន្តិភាពជាតិ ជានិច្ចតទៅ ។
ឯកឧត្តម ស សុខា ថ្លែងបែបនេះក្នុងឱកាស ដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបញ្ចុះ បឋមសិលាសាងសង់ អគារសិក្សាវិទ្យាល័យថ្មី ១ខ្នង កម្ពស់ ២ជាន់ មាន ១២បន្ទប់ និងសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៦០៣នាក់ ក្នុងស្រុកឯកភ្នំ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ការសាងសង់អគារ សិក្សាវិទ្យាល័យថ្មី ចំនួន ១ខ្នង មាន ១២បន្ទប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងលេចចេញ ជារូបរាងនៅក្នុងខេត្តបាត់ដំបង និយាយជារួម និងដោយឡែកក្នុង ស្រុកឯកភ្នំ នាពេលខាងមុខ ដើម្បីបំពេញតម្រូវការ របស់សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រ ដើម្បីអនាគតដ៏ត្រចះត្រចង់ ។
ឯកឧត្តម បន្តថា សំណង់ទាំងនេះ ពិតជាមិនអាចលេច ចេញជារូបរាងបានទេ ប្រសិនបើប្រទេសជាតិ យើងមិនមានសុខសន្តិភាពពេញលេញ កើតមានចម្បាំងរាំងជល់ ឬក៏សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ដូចពីអតីតកាលនោះ គឺយើងមិនត្រឹមតែ មិនអាចកសាងសមិទ្ធផលថ្មីៗបានទេ ។
សង្គ្រាមបំផ្លាញនូវ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស បង្កើតឲ្យមានជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា ជំងឺផ្លូវចិត្ត ភាពអត់ឃ្លាន កើតមានចំការមីន ដែលត្រូវចំណាយពេលវេលា ទ្រព្យធន បោសសម្អាត និងកសាងឡើងវិញរាប់សិបឆ្នាំ ។ តួយ៉ាងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានធ្វើបាបនិងកាប់ សម្លាប់ប្រជាជនកម្ពុជា ស្លូតត្រង់អស់រាប់លាននាក់ ពិសេសអ្នកចេះដឹង ។
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា ស្ទើតែបាត់អស់អ្នកចេះដឹង ទើបរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សព្វថ្ងៃនេះ បានអនុវត្តនូវគោលនយោបាយ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ បានយ៉ាងច្រើន សន្ធឹកសន្ធាប់សម្រាប់ ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រហូតមកទល់ពេលបច្ចុប្បន្ន។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ផងដែរថា សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ ធ្នាប់ល្អបរិបូរណ៍ នាពេលបច្ចុប្បន្ន នេះរបស់កម្ពុជា គឺជាមូលដ្ឋានដ៏រឹង មាំគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើន លើគ្រប់វិស័យ ដែលផ្តល់នូវកាលានុវត្តភាព យ៉ាងធំធេងដល់ការ កសាងអនាគតកម្ពុជា ប្រកបដោយភាពរុងរឿង និងជវភាព (ភាពនៃសន្ទុះ ល្បឿន ដំណើរដែលលឿនរហ័ស របត់ល្បឿន រយៈពេលដែលស្ទុះលឿន ពីកន្លែងមួយទៅកន្លែងមួយទៀត) ។ ជាងនេះទៅទៀត ការស្តារសេដ្ឋកិច្ច ពីវិបត្តិជំងឺកូវីដ-១៩ កំពុងតែមានការវិវឌ្ឍ យ៉ាងល្អប្រសើរ ដោយកំណើន សេដ្ឋកិច្ចជាតិបានងើប ឡើងវិញយ៉ាងឆាប់រហ័ស និងមានភាពរឹងមាំ គួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើន ៣% នៅឆ្នាំ២០២១ និងប្រមាណ ៥,២% នៅឆ្នាំ២០២២ ហើយឆ្នាំ២០២៣ រំពឹងថានឹងមានកំណើន ៥,៦%៕