ស្ទឹងត្រែងៈនៅសាលប្រជុំសាលាស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៣ មានរៀបចំប្រកាសជាផ្លូវការរបស់អង្គការអភិរក្សសៀមប៉ាងដែលនិងត្រូវប្រតិបត្តិការងាររបស់ខ្លួនក្នុងស្រុកសៀមប៉ាង ក្រោមអធិបតីភាព ឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានការពារធម្មជាតិ ក្រសួងបរិស្ថាន និងលោក ចៅ មុន្នីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
ថ្លែងក្នុងមតិស្វាគមន៍លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែងបានពាំនាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងស្រុកសៀមប៉ាង ព្រមទាំងថ្នាក់ដឹកនាំបុគ្គលិកទាំងអស់របស់អង្គការដៃគូអភិវឌ្ឍន៍ដែលកំពុងប្រតិបត្តិការនៅក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង។
លោកអភិបាលរងខេត្តបានបញ្ជាក់ថាទោះបីខេត្តស្ទឹងត្រែងជាខេត្តសម្បូរដោយធនធានធម្មជាតិ ប៉ុន្តែបញ្ហាបរិស្ថានជាបញ្ហាមួយដែលកំពុងតែមានការព្រួយបារម្ភ និងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ បញ្ហាដែលកំពុងប្រឈមនិងគួឲ្យព្រួយបារម្ភមានដូចបញ្ហាបម្រែបម្រួលអាកាសធាតុ កំណើនប្រជាជន ការកាប់បំផ្លាញព្រៃឈើពីសំណាក់ជនខិលខូចមួយចំនួន។
ឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានការពារធម្មជាតិ ក្រសួងបរិស្ថានបានមានប្រសាសន៍ថាការប្រកាសជាផ្លូវការរបស់អង្គការអភិរក្សសៀមប៉ាង ជាកិច្ចសហការរវាងអង្គការនិងក្រសួងបរិស្ថាន ហើយអង្គការអភិក្សសៀមប៉ាងមានដោលដៅសំខាន់ៗជាច្រើន ដូចជាកិច្ចសហការជាមួយក្រុមហ៊ុនដៃគូជាច្រើនក្នុងការការពារតំបន់ការពារធម្មជាតិជាពិសេសដែនជម្រកសត្វព្រៃសៀមប៉ាង។
KMK TV ONLINE