ខេត្តរតនគិរីៈឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះបានអញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ ៧៨-៥ ប្រវែង ១០០០ម៉ែត្រ ទទឹង ១០ម៉ែត្រក្នុងភូមិសាស្ត្រស្រុកតាវែង។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីបានលើកឡើងថា ផ្លូវជាតិលេខ ៧៨-៥ ជាផ្លូវមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយបានតភ្ជាប់ឆ្ពោះទៅបណ្ដាស្រុកអូរជុំ , វើនសៃ និង ស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមារញឹក។ការជួសជុលផ្លូវនេះ ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ប្រភេទDBST ប្រវែង ១០០០ ម៉ែត្រ និង១០ម៉ែត្រ,ស្ថាបនាលូមូលសងខាងផ្លូវ ១១ ម៉ែត្រ ចំនួន ០២ កន្លែង,លូមូលទោលបណ្តោយផ្លូវ១១ម៉ែត្រ ប្រវែង ២០០០ ម៉ែត្រ,អណ្ដូងលូចំនួន៨៧កន្លែង,រៀបខឿនចិញ្ចើមផ្លូវប្រវែង១.០០០ម៉ែត្រព្រមទាំងគូសគំនូសចរាចរណ៍ទំហ៊ំ១០៧៧២ម៉ែត្រការ៉េ។
លោកសាយ សាមានបន្តថា ការជួសជុលកំណាត់ផ្លូវជាតិនេះ គឺប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តន៍គម្រោងជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាសរសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹកសម្ភារ ឧបភោគបរិភោគ និងសម្ភារសំណង់ ពីទីផ្សារ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។ជាពិសេសអ្នកដែលរស់នៅសងខាងតាមបណ្តោយផ្លូវជាតិ៧៨-៥ទាំងអស់ ចូលរួមបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការជាមួយមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ដើម្បីជំរុញឲ្យគម្រោងជួសជុលនេះ អាចដំណើរការបានដោយរលូន និងសម្រេច ជោគជ័យតាមការគ្រោងទុក៕ ឡុង កាន់សំនៀង