(ខេត្តបាត់ដំបង)៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះជាច្រើនគ្រាប់និង រំសេវផងនោះ ត្រូវបានពលរដ្ឋប្រទះ ឃើញនៅពេលក្រុម ជាងចុះកាយរណ្តៅដីបុក គ្រឹះដើម្បីសាងសង់លំនៅឋាន។
សមត្ថកិច្ចបាន អោយដឹងថា នៅវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋឈ្មោះ សន គៀង ភេទប្រុស អាយុ ២៧ឆ្នាំ ដែលអ្នកមើលការ សំណង់នៅត្រង់ចំណុចក្រុមទី៧ ស្ថិតក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះជាច្រើនគ្រាប់ នៅពេលដែលក្រុមជាង ចុះកាយរណ្តៅដីបុកគ្រឹះ ដើម្បីសាងសង់លំនៅឋាន។
ក្រោយទទួលបានសេចក្តី រាយការណ៍ភ្លាមសមត្ថកិច្ច នគរបាលក្រុងបាត់ដំបង បានសហការជាមួយ មន្ត្រីអាជ្ញាធរកំចាត់មីន កម្ពុជា CMAC ចុះទៅពិនិត្យនិង បានបញ្ជាក់ថា គ្រាប់ដែលពលរដ្ឋ ប្រទះឃើញនាពេលនេះ ជាប្រភេទក្បាលគ្រាប់DCA37 (បាញ់យន្តហោះ) ដែលសរុបមានចំនួន ៣០គ្រាប់ និងរំសេវមួយកញ្ចប់ ទម្ងន់ប្រហែល០៣គីឡូក្រាមផងដែរ បន្ទាប់មកក៏បានប្រគល់អោយមន្ត្រីកំចាត់មីនកម្ពុជា CMAC ប្រមូលយកទៅទុកនៅកន្លែងមានសុវត្ថិភាពរងចាំឱកាសកម្ទេចចោលនៅពេលក្រោយ៕ ដោយលោក គង់ ចំណាប់