ស្ទឹងត្រែងៈ នៅក្នុងមន្ទីបរិស្ថានខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះក្រសួងបរិសា្ថនបានរៀបចំវគ្គ បណ្តុះបណ្តាល ស្ដីពីវិធានការ ការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈិក និង ការថែទាំដល់ក្រុមមន្ត្រីឧទ្យានុរក្សនិងសហគមន៍ការពាធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រោមអធិបតិភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ,ឯកឧត្តម ធូ ចាន់ ពៅ អភិបាលរងខេត្តស្ទឹងត្រែង ,និងលោក កឹម សំអូន តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់។
មានប្រសាសន៍នៅក្នុងពិធីឯកឧត្តម ចាន់ ពៅអភិបាលរងខេត្តស្ទឹងត្រែងបានលើកឡើងថាវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តដល់សហគមន៍ មន្ត្រីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធ អនុវត្តនូវវិធាន ការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈសម្រាកនៅក្នុងមុង រស់នៅស្អាតក្នុងជីវភាព រស់នៅប្រចាំថ្ងៃ និងក្នុងពេលបំពេញការងារ ក្នុងគោលដៅចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងចេញពី កម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ របស់ក្រសួងសុខាភិបាល។
ឯកឧត្តមបន្តថាក្រោយពេលទទួលបានចំណេះដឹងទាំងនេះ មន្ត្រីឧទ្យាននុរក្ស និងសហគមន៍ការពារតំបន់ធនធានធម្មជាតិត្រូវពាំនាំនូវចំណេះដឹងទាំងទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលនៅក្នុងតំបន់ការពារធនធានធម្មជាតិស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថាន និងយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋទូទៅឲ្យពួកគាត់តែយល់ដឹងនិងនាំគ្នាចូលរួមការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹកជាមួយរាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោកជំទាវ ម៉ុម ថានី បានមានប្រសាសន៍ថាការពិតក្រសួងបរិស្ថានអនុវត្តសំខាន់ទៅលើសរសរស្តមសំខាន់ៗ៤មានការកសាងស្ថាប័នទំនើប, គុណភាពបរិស្ថាន, ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ,និងការរស់នៅប្រកបដោយចីរភាព។ ប៉ុន្តែការចូលរួមរៀបចំវគ្គបណ្តុះបណ្តាលស្តីពីស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹកនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាផែនការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញផែការយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។