(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី២៣និង២៤ ខែកុម្ភ: ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានរៀបចំកិច្ច ប្រជុំពិគ្រោះយោបល់ ស្ដីពីការប៉ាន់ប្រមាណ សមត្ថភាពសាខាខេត្តប៉ៃលិន នៅជុំទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណ: កម្មាធិការសាខា កក្រក ខេត្តប៉ៃលិន និងមានការអញ្ជើញ ចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រី ព្រមទាំងក្រុមការងារ បច្ចេកទេសមកពី ទីស្នាក់ការកណ្ដាល, ក្រុមប្រតិបត្តិសាខា, អនុសាខា, អ្នកស្ម័គ្រចិត្ត, ទីប្រឹក្សាយុវជន, និងយុវជនកាក បាទក្រហមកម្ពុជា សរុប៣៩នាក់ ស្រ្តី១៥។
នៅក្នុងឱកាសនៃការ ចាប់ផ្ដើមកម្មវិធី ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណ: កម្មាធិការសាខា បានសម្ដែងនូវ សេចក្តីសោមនស្សរីករាយ និងស្វាគមនយ៉ាងកក់ក្តៅ ដល់ក្រុមការងារប៉ាន់ ប្រមាណសមត្ថភាព សាខា-BOCA ជុំទី២ ក្នុងគោលបំណង លើកកម្ពស់គុណភាព នៃការអនុវត្តការងារ ឱ្យមានប្រសិទ្ធភាព តាមលក្ខណៈវិនិច្ឆ័យ ជាសាខាមានដំណើរការល្អ និងស្រមតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ។
ឯកឧត្តម អនុប្រធានគណៈ កម្មាធិកាសាខា ក៏បានថ្លែងអំណរគុណ ចំពោះវត្តមាន ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ដែលបានអញ្ជើញចូលរួមជាអធិបតី និងក្រុមការងារ បច្ចេកទេសបាន សម្របសម្រួល កិច្ចប្រជុំប៉ាន់ប្រមាណ សមត្ថភាពសាខានាពេលនេះ។
នៅក្នុងមតិសំណេះសំណាលបើក ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយ បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនចំពោះសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។ ឯកឧត្តមវេជ្ជបណ្ឌិត បានលើកពីការប៉ាន់ ប្រមាណសមត្ថភាពសាខា ហៅកាត់ជាភាសាអង់គ្លេសថា BOCA ដែលមានន័យថា “Branch Organizational Capacity Assessment” ដែលសមាគមជាតិនៅក្នុងសកលលោក បាននិងកំពុងអនុវត្ត ដែលក្នុងនោះ កាកបាទក្រហមកម្ពុជា បានទទួលយកវិធី សាស្រ្តបូកា BOCA មកអនុវត្តតាំងពីឆ្នាំ២០១៥ ។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការប៉ាន់ប្រមាណ សមត្ថភាពសាខា មានវត្ថុបំណងចំនួន៣គឺ៖ 1- ស្វែងយល់អំពី សមត្ថភាព និងរបៀបបំពេញការងារ នាពេលបច្ចុប្បន្នរបស់សាខា 2- ឈានទៅសម្រេចនូវការ ឯកភាពគ្នាជារួមលើ អាទិភាពនានា សម្រាប់ជួយលើក កម្ពស់សាខាបន្ថែមទៀត និង 3-កសាងផែនការ ប្រតិបត្តិដើម្បីការពង្រឹង និងធានានិរន្តរភាព សមត្ថភាពផ្តល់សេវារបស់សាខា និងភាពធន់មាំរបស់សហគមន៍។
នៅចុងបញ្ចប់ ឯកឧត្តមវេជ្ជបណ្ឌិត បានលើកទឹកចិត្ត អង្គពិធីទាំងមូល ចូលរួមយ៉ាងផុលផុស ក្នុងការកំណត់ សូចនាករជាអាទិភាព សម្រាប់បំពេញបន្ថែម លើផែនការប្រចាំឆ្នាំ និងផែនការអភិវឌ្ឍន៍សាខា ដើម្បីចូលរួមលើក កម្ពស់សមត្ថភាពសាខា និងមានភាពម្ចាស់ការ ក្នុងការផ្ដល់សេវា មនុស្សធម៌ជូនដល់ គ្រួសាររងគ្រោះ និងងាយរងគ្រោះ ស្របបានទៅ តាមពាក្យស្លោក ” សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោ លដៅសកល។