(ខេត្តកែប)៖ អភិបាលក្រុងកែប បានប្រាប់ឲ្យដឹងថា រដ្ឋបាលខេត្តកែបបាន និងកំពុងរៀបចំ កែលម្អសោភណ្ឌភាពឆ្នេរកម្សាន្តស្រី ស ឲ្យបានស្អាត ដើម្បីត្រៀមលក្ខណៈ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលខេត្តកែប នឹងធ្វើជាម្ចាស់ផ្ទះ លើវិញ្ញាសារទ្រីយ៉ាថ្លុង ក៏ដូចជាត្រៀមខ្លួន រៀបចំបុណ្យសមុទ្រឆ្នាំ២០២៣ផងដែរ។
អភិបាលក្រុងកែប លោក ខេង យ័ន បានឲ្យដឹងថា រដ្ឋបាលខេត្តបាន និងកំពុងអនុវត្តគម្រោងកែលម្អសោភណ្ឌភាពឆ្នេរកម្សាន្ត ស្រី ស ឲ្យបានល្អប្រសើរ។ នៅក្នុងគម្រោងនឹងដកនូវខឿនការ៉ូឡាចាស់ ផ្លាស់មក ថ្មក្រានីត ផ្តូលរំលំដើមឈើចាស់ ជំនួសមកវិញនូវដើមឈើថ្មីៗ និងមានការសាងសង់នូវរូបតំណាង “ខ្ញុំស្រលាញ់ខេត្តកែប” ដើម្បីបង្កើតទីតាំងកម្សាន្តថ្មីផងដែរ។
បើតាមការបញ្ជាក់ របស់លោកអភិបាលក្រុងកែបថា កន្លងទៅទីតាំងឆ្នេរកែប ត្រូវបានក្រុមអាជីវករមួយចំនួន យកធ្វើជាកម្មសិទ្ធិ សម្រាប់ប្រកបរបររកស៊ីទទួលទាន ហើយបានង្កើតនូវផលអវិជ្ជមាន ដល់អ្នកបម្រើសេវា កម្មលើវិស័យទេសចរណ៍ទូទៅ និងជះផលមិនល្អ ដល់កេរ្តិ៍ឈ្មោះខេត្តកែបទៀតផង។ ប៉ុន្តែក្រោយពេលការ កែលម្អឆ្នេរកែបរួច នៅតាមបណ្តោយឆ្នេរនឹង លែងអោយមានការ ដាក់តាំងលក់ ឬក្រាលកន្ទេលដូច មុនទៀតហើយ ហើយរដ្ឋបាល ក្រុងកែបក៏បានបង្កើត ទីតាំងថ្មីផ្សេងមួយទៀត សម្រាប់អោយបងប្អូនអាជីវករ អាចទៅក្រាលកន្ទេល និងលក់ដូរបន្តទៀតបាន៕ ដោយលោក សេង ណារិទ្ធ