(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ អគារសិក្សា, ផ្ទះគ្រូបង្រៀន, ទីចាត់ការ និងសមិទ្ធផលនានា នៅ តាមសាលាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី៨ កក្កដា ២០២៥ ថា៖ “ការកសាង និងអភិវឌ្ឍធនធានមនុស្ស គឺសំខាន់ ដែលចាប់ពី ក្រោយរំដោះប្រទេសឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានផ្តោត លើការស្តារវិស័យ អប់រំ ជាអាទិភាព ជាមួយនឹងការយក ចិត្តទុកដាក់ខ្ពស់បំផុត”។
មូលធនមនុស្សដើរតួនាទី សំខាន់ក្នុងការប្រែក្លាយ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត ពីព្រោះការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវសមត្ថភាព ប្រកួតប្រជែងប្រកបដោយ ជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុង បរិការណ៍តំបន់ និងសកលលោក។
ស្របជាមួយនឹងសារ សំខាន់នៃការបណ្តុះបណ្តាល, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោលដៅ ក្នុងការលើកកម្ពស់គុណភាព ដោយផ្តោតលើ៖ ១/ កសាងធនធាន មនុស្ស, ២/ កសាងប្រព័ន្ធអប់រំ និង៣/ កសាងសមត្ថភាព។ ភ្ជាប់ជាមួយនេះ, វិស័យអប់រំ យើងមិនត្រឹមតែយកចិត្តទុកដាក់លើបរិមាណនោះទេ យើងបានពង្រឹងទាំងគុណភាពផងដែរ តាមរយៈការដាក់ចេញការធ្វើទំនើបកម្មកម្មវិធីសិក្សា, ពង្រឹងគុណភាពគ្រូ និងអគារសិក្សា, ទំនើបកម្ម សម្ភារៈបម្រើដល់ការសិក្សា និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ឈរលើគោលការណ៍នេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានតម្រង់ទិសយ៉ាងច្បាស់អំពីការជ្រើសរើសគ្រូពេញសិទ្ធិ និងគ្រូកិច្ចសន្យា ដាច់ខាតត្រូវធ្វើ ដោយស្របតាម និយាមការកំណត់ច្បាស់លាស់ និងសុក្រឹត្យ សំដៅធានាបាន គុណភាពក្នុងការបណ្តុះបណ្តាល។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា “អាជីពគ្រូបង្រៀន មិនមែនជា អាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្តែអាជីពគ្រូបង្រៀនដែលទទួលបាននោះ គឺ កិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ ដែលអង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត”។
ភ្ជាប់នឹងគុណតម្លៃនេះ, វិស័យអប់រំត្រូវបានធ្វើការ កែទម្រង់ជាប់ជាប្រចាំ ដើម្បីពង្រឹងអភិបាលកិច្ចស្ថាប័ន និងបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំប្រកប ដោយបរិយាប័ន្ន សំដៅជំរុញការអភិវឌ្ឍ ធនធានមនុស្សប្រកបដោយ ចំណេះដឹងទូលំទូលាយ, ជំនាញបច្ចេកទេសច្បាស់លាស់, ជំនាញទន់សមស្រប និងមានសុខភាពល្អ សម្រាប់បំពេញ តម្រូវការនៃការអភិវឌ្ឍជាតិ និងទីផ្សារការងារ។