(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាបាន ណែនាំដល់ថ្នាក់ដឹកនាំ ក្រោមជាតិ ត្រូវធ្វើការពិនិត្យ ឱ្យបានច្បាស់លាស់ លើការជ្រើសរើសគ្រូបង្រៀនទៅតាម និយាមឱ្យបានម៉ឺងម៉ាត់ ខណៈបច្ចុប្បន្នកម្ពុជាក៏ មិនខ្វះធនធានមនុស្សនោះដែរ។
ថ្លែងក្នុងឱកាសសម្ពោធដាក់ ឱ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការនិងអគារស្នាក់ នៅគ្រូបង្រៀនទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ក្រុងឧដុង្គម៉ែជ័យ សម្តេចបវរធិបតីបានមានប្រសាសន៍ថា ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីជ្រើសរើសគ្រូ បង្រៀនមាននិយាមច្បាស់លាស់ ព្រោះកាលណាមាននិយាមច្បាស់ហើយការបង្រៀនក៏មាន គុណភាពនិងប្រសិទ្ធភាពខ្ពស់ផងដែរ។
សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖ «ជំនាញផ្សេងៗ ការិយាល័យផ្សេងៗ ក្រៅពីគ្រូបង្រៀនប្រគល់ សិទ្ធិទៅវិមជ្ឈការចុះ ។ ប៉ុន្តែគ្រូបង្រៀនមួយយ៉ាង ហោចណាស់ក៏ត្រូវមានមន្ទីរ គ្រូកិច្ចស ន្យាក៏ដោយ ដើម្បីធានាថា ពួកគាត់ត្រូវបានជ្រើសរើសទៅតាមនិយាមច្បាស់លាស់។ យើងទទួលស្គាល់ថា អ្នកនៅតាមខេត្ត តាមស្រុកពិបាករកអ្នកដូចនៅភ្នំពេញណាស់ ទៅមិនរួច ពិបាកណាស់ប៉ុន្តែយើង ក៏មិនត្រូវឆិនឆៃទាំង ស្រុងនោះដែរទេ»។
ជាមួយគ្នានោះដែរសម្ដេច បវរធិបតីនាយករដ្ឋមន្រ្ដី គូសបញ្ជាក់ទៀតថា គុណភាពអប់រំដែល សំខាន់គឺគ្រូបង្រៀន ទោះបីជាមានសម្ភារៈ ឧបទ្ទេសគ្រប់គ្រាន់នៅក្នុង សាលារៀនក៏ដោយ ប៉ុន្ដែបើមានកង្វះខាត នូវគុណវុឌ្ឍិគ្រូបង្រៀន ក៏មិនអាចផ្ដល់ការ អប់រំដល់សិស្សបានដែរ។
ដូច្នេះ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិនេះ បានបន្តវិនិយោគលើការបណ្ដុះ បណ្ដាល គុណវុឌ្ឍិគ្រូបង្រៀន។ បន្ថែមពីលើទៀតសម្ដេចធិបតីបញ្ជាក់ទៀតថា គោលដៅចម្បងរបស់រាជ រដ្ឋាភិបាលគឺចង់ឱ្យគ្រប់ សាលារៀនទាំងអស់ មានបំពាក់ឧបករណ៍ សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាព សិក្សារបស់សិស្សព្រោះ បច្ចុប្បន្នសាលារៀន ភាគច្រើនក៏មានការ បំពាក់សម្ភារៈសិក្សាទំនើប និងមានការច្នៃ ប្រឌិតរួចហើយដែរ៕