(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញ សង្គមហ្វេសប៊ុក ដោយបានចូលរួម អបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិការ ជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន។ សម្តេចតេជោបានចាត់ទុកថា នេះជាការចូលរួមចំណែក ដ៏សំខាន់ក្នុងការកាត់បន្ថយលំហូរ នៃបទល្មើសអនឡាញពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា។
នៅក្នុងសារនោះ សម្តេចតេជោបានរិះគន់ថា ការបង្ក្រាបសំបុកបទ ល្មើសអនឡាញនេះ គួរតែធ្វើឡើងតាំង ពីយូរយារណាស់មកហើយ មិនគួរទុកដល់ពេល នេះទើបធ្វើនោះទេ។ សម្តេចបានបញ្ជាក់ថា កន្លងមក បទល្មើសអនឡាញដែល កើតចេញពីទឹកដីថៃ ជាពិសេសនៅ តាមបណ្តោយព្រំដែន បានបង្កបញ្ហាជាច្រើន ដល់ប្រទេសកម្ពុជា។
ទាក់ទងនឹងមតិដែល លើកឡើងដោយអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ ដែលបានផ្សារភ្ជាប់ការបង្រ្កាប និងការស៊ើបអង្កេតលើលោក កុក អាន ជាមួយនឹងទំនាក់ទំនងជិត ស្និទ្ធរបស់លោកទៅនឹង សម្តេចតេជោ ហ៊ុន សែន នោះ សម្តេចបានមានប្រសាសន៍ថា ប្រសិនបើដូច្នោះមែន តុលាការថៃក៏គួរ តែបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ។ សម្តេចបានបញ្ជាក់ យ៉ាងច្បាស់ថា លោក ថាក់ស៊ីន គឺជាបុគ្គលដែលមាន ទំនាក់ទំនងជិតស្និទ្ធ បំផុតជាមួយសម្តេច រហូតដល់មានបន្ទប់ ស្នាក់នៅក្នុងផ្ទះរបស់សម្តេចទៀតផង។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងរង់ចាំមើលថា តើតុលាការថៃហ៊ានបើកការ ស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរឬយ៉ាងណា។