អភិបាលខេត្តប៉ៃលិន ចាត់មន្ត្រីជំនាញចុះជួយអន្តរាគមន៍ ដល់ពលករខ្មែរម្នាក់ ដែលមានជំងឺធ្ងន់ធ្ងរនៅប្រទេសថៃ

(ខេត្តប៉ៃលិន)៖ បន្ទាប់ពីទទួលបានព័ត៌មាន ថាមានពលករខ្មែរម្នាក់ មានជំងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យ ចុះសម្របសម្រួល ដើម្បីយកពលករខ្មែរនោះ មកធ្វើការព្យាបាលភ្លាមៗ នាថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ដោយមិនទុកបងប្អូន ពលករយើងចោលនោះឡើយ។

ពលករមានជំងឺ ដែលថៃទុកចោល មិនព្យាបាល មានឈ្មោះ ស្កា ស៊ុ ភេទប្រុសអាយុ ៤៤ឆ្នាំ មានស្រុកកំណើត នៅភូមិដូង ឃុំរូងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែងដោយធ្វើ ជាពលករបេះផ្លែឈើ នៅប្រទេសថៃ ដែលមានរោគសញ្ញា អស់កម្លាំងឈឺក្បាល វិលមុខ រាគ ភ្នែកក្រហម ចេញទទួលក្រហមពេញខ្លួន ហើយធ្លាប់មានជំងឺតេតាណុស បើតាមការសន្និដ្ឋានបឋម របស់ក្រុមគ្រូពេទ្យ ប្រចាំការនៅច្រកទ្វារ ព្រំដែនអន្តរជាតិព្រំ អាចជាជំងឺគ្រុនឈាម ឬជំងឺគ្រុនឈិក។

បើតាមបញ្ជាក់របស់ លោក ប៉ិច ប៊ិន ប្រធានទីស្នាក់ការច្រកទ្វារ ព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្រោយពីទទួលដំណឹងថា មានពលករខ្មែរម្នាក់ មានជំងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ដោយមិនមានការ ព្យាបាល ព្រមទាំងទុកចោលនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារធ្វើការ ទំនាក់ទំនងភ្លាមៗ ដើម្បីបញ្ជូនពលករខ្មែរ យកមកព្យាបាលបាន ទាន់ពេលវេលា ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ ពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត។

លោកប្រធានទីស្នាក់ការច្រកទ្វារ បានបន្តថា៖ នេះសបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ពលករចំណាកស្រុក ដែលវិលត្រឡប់មកពីប្រទេសថៃ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ហើយសកម្មភាពនេះ មិនត្រឹមតែជាការលើកទឹកចិត្ត ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពជាក់ស្តែង ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា ដែលបងប្អូនពលករ បានជួបប្រទះ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា៖ ក្រោមការឧបត្ថម្ភគាំទ្រទាំង ស្រុងពីសំណាក់លោកជំទាវ បណ្ឌិតអភិបាលខេត្ត ពលករមានជម្ងឺ  ដែលថៃទុកចោល មិនព្យាបាល មានឈ្មោះ ស្កា ស៊ុ ត្រូវទទួលបានការព្យបាល ពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត និងអាហារព្រមទាំងជូន ដំណើរត្រឡប់ទៅ ស្រុកកំណើតវិញ បន្ទាប់ពីជំងឺបានជាសះស្បើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *