(ភ្នំពេញ)៖ លើបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការនៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជាបានឱ្យដឹងថា ទុរេនស្រស់របស់កម្ពុជា បានបញ្ចប់នីតិវិធីសម្រាប់ការ នាំចេញទៅប្រទេសចិន ហើយអាចនាំចេញ ទៅប្រទេសចិនបាន។
ជាមួយរូបភាពផ្លែទុរេន ឯកឧត្តមឯកអគ្គរដ្ឋចិន បានអធិប្បាយថា ថ្មីៗនេះ រដ្ឋបាល គយប្រទេសចិន បានធ្វើបច្ចុប្បន្នភាព បញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់ សម្រាប់ការនាំចេញផ្លែឈើ កម្ពុជាទៅកាន់ប្រទេសចិន។ បញ្ជីរាយនាមត្រូវបានបន្ថែម ជាមួយនឹងបញ្ជីឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន នេះមានន័យថា ទុរេនស្រស់របស់កម្ពុជា បានបញ្ចប់នីតិវិធី សម្រាប់ការនាំចេញ ទៅប្រទេសចិន ហើយអាចនាំចេញ ទៅប្រទេសចិនបាន។
ឯកឧត្តមបានគូសរំលេចថា “នេះជាកសិផល ដែលមានគុណភាព ខ្ពស់ដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាត នាំចេញទៅកាន់ ប្រទេសចិនក្នុងឆ្នាំ ២០២៥ និងជា សមិទ្ធផលថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែងចិន-កម្ពុជាផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ ប្រភេទដែលអាចនាំចេញ ទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងទុរេន។”
ជុំវិញផលិតផលកសិកម្ម នាំទៅកាន់ប្រទេសចិននេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្ដាញ សារព័ត៌មាន កាលពីពេលថ្មីៗនេះថា ផលិតផល កសិកម្មសំខាន់ៗដែល កម្ពុជានាំចេញទៅកាន់ ទីផ្សារប្រទេសចិន រួមមាន ដំឡូងមី ស្វាយចន្ទី ផ្លែចេក ស្វាយកែវរមៀត ទុរេនស្រស់ និងមៀនប៉ៃលិន រួមជាមួយនឹងទំនិញសំខាន់ៗ ជាច្រើនទៀត ជាពិសេសជាងគេ គឺអង្ករ ដែលប្រទេសចិនបានផ្តល់កូតានាំអង្ករពី កម្ពុជាច្រើនបំផុតរហូត ដល់៥០ម៉ឺនតោនក្នុងមួយឆ្នាំ។
គប្បីជម្រាបជូនថា កម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កាលពីអំឡុងខែមករា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះ បានអនុញ្ញាតឱ្យកម្ពុជា នាំផលិតផលកសិកម្ម របស់ខ្លួនទៅលក់នៅលើ ទីផ្សារប្រទេសចិន ជាង៣០០មុខ។ ដោយឡែក ប្រទេសចិន អាចនាំទំនិញមួយ ចំនួនចូលមកទីផ្សារកម្ពុជា ក្នុងនោះរួមមាន សម្ភារៈសំណង់ វត្ថុធាតុដើមសម្រាប់ រោងចក្រកាត់ដេរ ផលិតផលស្បែក ផលិតផលចំណីអាហារ ផ្លែឈើ គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម៕