(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះ កិច្ចចរចាពន្ធបដិការ ជាមួយអាមេរិក បានបញ្ជាក់ថា យើងត្រូវថែរក្សា សន្លឹកបៀររបស់យើងដើម្បី យកទៅចរចាជាមួយ សហរដ្ឋអាមេរិកដោយ យើងដកម្ដងមួយៗ។ យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថានៅមិនទាន់អាចប្រាប់ បាននៅឡើយអំពីសន្លឹកបៀរនៅ ក្នុងដៃរបស់យើង។
ទន្ទឹមនេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល គឺយើងនឹងពន្យល់ សហរដ្ឋអាមេរិក តើមូលហេតុអ្វីបានជា កម្ពុជាត្រូវការអត្រាពន្ធ ទាបគឺដោយសារកម្ពុជា ជាប្រទេសក្រីក្រមិនទាន់ បានចេញពីប្រទេLDC នៅឡើយទេគឺនៅខែ១២ឆ្នាំ ២០២៩ខាងមុខនេះទើប កម្ពុជាអាចចេញបាន។
ដូច្នេះសូមសហរដ្ឋអាមេរិក យោគយល់និងផ្ដល់ឱកាស ឲ្យយើងខ្ញុំដើម្បីឲ្យយើង ខ្ញុំអាចចេញពីប្រទេស ក្រីក្របាននៅឆ្នាំ ២០២៩ ។ដូច្នេះសូមផ្ដល់ពន្ធអត្រាពន្ធ ទាបបំផុតជូនយើងដើម្បី យើងអាចបន្តទាក់ទាញ អ្នកវិនិយោគថែមទៀត បង្កើតការងារ កាត់បន្ថយភាពក្រីក្រ របស់កម្ពុជាយើងនឹង អាចចេញផុតពីភាពក្រីក្រ។
ទន្ទឹមនឹងរកវិធីចរចាទម្លាក់ អត្រាពន្ធពីសហរដ្ឋអាមេរិក កម្ពុជាត្រូវបង្កើនការ អំពាវនាវដល់អ្នកវិនិយោគ អោយនឹងនរចិត្ត ថែរក្សារោងចក្ររបស់ ខ្លួននៅកម្ពុជា និងជឿទុកចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញការដោះស្រាយបញ្ហា ពន្ធបដិកាជាមួយអាមេរិកនេះ។
ការអះអាងនេះបានធ្វើ ឡើងនៅក្នុងឱកាស សន្និសីទស្តីពីលទ្ធផល នៃកិច្ចចរចាពន្ធបដិការ របស់អាមេរិក ដែលកម្ពុជាសម្រេចបាន ៣៦ភាគរយ នៅទីស្តីការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញអោយដឹងថាយើង ត្រូវតែខិតខំឲ្យអស់លទ្ធភាព របស់យើងដើម្បីចរចាឲ្យបាន អត្រាពន្ធទាបបំផុតដើម្បី ផលប្រយោជន៍កម្ពុជា ដើម្បីពង្រឹងពង្រីកពាណិជ្ជកម្ម ទ្វារភាគីកម្ពុជានិងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា កិច្ចចរចាលើកទី១ កន្លងមកនេះ បានធ្វើអោយអាមេរិក សម្រេចទម្លាក់អត្រាពន្ធ របស់កម្ពុជាពី៤៩ភាគរយមកនៅត្រឹម ៣៦ភាគរយដែល ជាជោគជ័យដ៏ធំមួយ សម្រាប់ជំហានដំបូង។
យោងតាមលិខិតដែល លោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើជូនសម្តេចបវរធិបតី អាមេរិកនឹងបើក ឱកាសឱ្យកម្ពុជាទៅ ចរចាបន្ថែមទៀត ឱ្យបានមុនថ្ងៃទី១ ខែសីហា។ ឯកឧត្តមស៊ុន ចាន់ថុល បានបញ្ជាក់ថា ខណៈនេះក្រុមការងារចរចារបស់កម្ពុជា បានត្រៀមរួចជាស្រេចហើយ មិនថាទៅចរចានៅ សហរដ្ឋអាមេរិកដោយផ្ទាល់ ឬតាមអនឡាញនោះទេ ដើម្បីបន្ថយអត្រាពន្ធ បដិកាឱ្យបានទាបជាង ៣៦ភាគរយ នេះទៀត។
ឯកឧត្តមស៊ុនចាន់ថុល បានលើកឡើងថា ការទទួលបានការបន្ថយអត្រាពន្ធពី៤៩ភាគរយមកនៅត្រឹម ៣៦ភាគរយនេះ គឺជាជោគជ័យណាស់ក្នុងការចរចា ហើយការទទួលបានជោគជ័យនេះ គឺដោយសារយើង ចរចាដោយសុចរិត ដោយស្មោះត្រង់ តាមការចង្អុលបង្ហាញ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សូមជម្រាបថា អត្រាកំណត់ពន្ធរបស់ សហរដ្ឋអាមេរិកនេះនឹង ចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ក្នុងករណីយើងមិនមាន ការចរចាថែមទៀត នោះទេ៕