អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាមានទំនិញជាង៣០០ប្រភេទ សម្រាប់នាំចេញទៅប្រទេសចិន

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កសិផលកម្ពុជា​ប្រមាណជាង ៣០០​ប្រភេទ ដែលអាចនាំ​ចេញ​ទៅ​លក់​នៅប្រទេសចិន ខណៈនេះកម្ពុជា​ក៏កំពុង ​​សម្លឹងមើល​ពីឱកាសនៃ ការពង្រីកទំហំនាំចេញ ​ទៅកាន់​ទីផ្សារប្រទេសចិន ​ថែមទៀតដែរ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​បណ្ដាញ សារព័ត៌មានថា ​ក្នុងចំណោម​ផលិតផល ​កសិកម្មទាំងជាង៣០០មុខ កម្ពុជា​មានកូតានាំអង្ករ ចេញទៅរហូតដល់ ៥០ម៉ឺនតោន​ក្នុងមួយឆ្នាំ។

ឯកឧត្តមបញ្ជាក់ថា ផលិតផលកសិកម្មសំខាន់ៗ ដែលកម្ពុជានាំចេញទៅ​កាន់ ទីផ្សារ​ប្រទេសចិន រួមមាន ដំឡូងមី ស្វាយចន្ទី ផ្លែចេក ស្វាយកែវរមៀត ទុរេនស្រស់ និង​មៀនប៉ៃលិន រួមជាមួយនឹងទំនិញសំខាន់ៗជាច្រើនទៀត ជាពិសេសជាងគេ គឺអង្ករ ដែលប្រទេសចិន ​បាន​ផ្តល់​កូតានាំអង្ករពី កម្ពុជា​ច្រើន​បំផុតរហូត ដល់៥០​ម៉ឺនតោនក្នុង​មួយឆ្នាំ។

គប្បីជម្រាបជូនថា កម្ពុជា និង​ចិន បានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី​ទ្វេភាគី​ កាលពីអំឡុងខែមករា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀង​នេះ បានអនុញ្ញាតឱ្យ​កម្ពុជា នាំផលិតផល​កសិកម្ម របស់ខ្លួន​ទៅលក់​នៅលើ​ទី ផ្សារប្រទេស​ចិនជាង៣០០​មុខ។​ ដោយឡែក ប្រទេសចិន អាចនាំទំនិញមួយ ចំនួនចូលមកទីផ្សារកម្ពុជា ក្នុងនោះរួមមាន សម្ភារៈសំណង់ វត្ថុធាតុដើមសម្រាប់ រោងចក្រកាត់ដេរ ផលិត​ផលស្បែក ផលិតផលចំណី អាហារ ផ្លែឈើ គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម។

ក្រៅពីនាំចេញទៅចិនកម្ពុជា ក៏បានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយ បណ្តាប្រទេសមួយចំនួន ទៀតទាំងនៅអាស៊ី និងអ៊ឺរ៉ុប ដូចជា កូរ៉េ ហ្វីលីពីន ឥណ្ឌូនេស៊ី ។ ចំណែកអង្ករក្រអូបមាន ទី​ផ្សារនៅ​សហភាពអឺរ៉ុប ដូចជានៅ ប្រទេសហូឡង់ ហ្វាង់ឡង់ ដាណាម៉ាក់ និងបណ្តាប្រទេសអាហ្វ្រិក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *