(ខេត្តបន្ទាយមានជ័យ)៖ ក្រុមអាជីវករក្រុងប៉ោយប៉ែត ចែកគ្រឿងឧបភោគ បរិភោគដល់ជនពិការ ចាស់ជរា ស្ត្រីមេម៉ាយ១២២គ្រួសារ និងចែកសម្ភារៈ សិក្សា៣០០ឈុត ជូនប្អូនៗដែលឪពុកម្តាយ ខ្វះខាតយកផ្ញើរៀនសូត្រនៅ សាលាអ៊ីហ៊្សលកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៥ ក្នុងចំណុចភូមិជនពិការ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សា ដែលយកមកចែកជូន ដល់ប្រជាពលរដ្ឋ ជួបការលំបាក ពិការ ចាស់ជរា ស្ត្រីមេម៉ាយ ចំនួន១២២ គ្រួសារ និង សម្ភារៈសិក្សា៣០០ឈុត ជូនដល់សិស្ស ដែលកំពុងខ្វះខាត ដែលឪពុកម្តាយមានជីវភាព ខ្សត់ខ្សោយបានផ្ទើនិង សាលាអ៊ីហ៊្សលកម្ពុជា គឺជាអំណោយរបស់លោក ផាត់ វ៉ន លោកស្រី សាយ ច័ន្ទ លោកវ៉ន វណ្ណឌី និងលោកស្រី ធៀប កៅលី ដែលជាអាជីវករលក់ដូរ នៅក្នុងក្រុងប៉ោយប៉ែត។
អំណោយដែលទទួល បានក្នុងមួយគ្រួសាររួមមាន៖ អង្ករ ១០គីឡូក្រាម ថវិកា១០០០០រៀល និងគ្រឿងទេស បន្លែមួយថង់ និងសម្ភារៈសិក្សាចំនួន៣០០ឈុត ប្រគល់ជូនអ្នកគ្រូនាយក សាលាដើម្បីចែកជូនដល់ប្អូនៗសិស្សានុសិស្សតូចៗ ដែលអាណាព្យាបាលយក ទៅផ្ញើជាបណ្តោះអាសន្ន ឱ្យរៀននៅក្នុងសាលា អ៊ីហ៊្សល កម្ពុជា៕