(ខេត្តសៀមរាប)៖ កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាន ជំរុញដល់គណៈអភិបាល ក្រុងសៀមរាប ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារ ឱ្យបានច្បាស់លាស់ ដើម្បីជំរុញធ្វើយ៉ាងណា ចូលរួមដោះស្រាយបញ្ហាក្នុ ងមូលដ្ឋានឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋាន មានការងារច្រើនដែលត្រូវដោះ ស្រាយតបតាមតម្រូវការ របស់ប្រជាពលរដ្ឋ។
លោក អភិបាលរងថ្លែងដូចនេះ ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងលោកស្រី ម៉ៅ សុខហៀង ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ និងលោក ស៊ាន គឹមឋាន ឋានន្តរស័ក្តិនាយក្រមការ ថ្នាកលេខ៦ ជាអភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប។
បន្ទាប់ពីការប្តេជ្ញាចិត្ត របស់លោកស្រី ម៉ៅ សុខហៀង និងលោក ស៊ាន គឹមឋាន អភិបាលរងក្រុង ទើបប្រកាសទទួលស្គាល់រួចមក លោក ង៉ូវ សេងកាក់ លើកឡើងថា មន្ត្រីទាំងអស់ត្រូវចូលរួម សហការគ្នាអនុវត្តការងារ រដ្ឋបាលក្រុងរបស់ខ្លួន ឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា។ ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់ អំពើអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន តាមរយៈការអនុវត្ត គោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។
លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អភិបាលរង ក្រុងដែលទើបប្រកាស ចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការងារក្នុង ក្រុងមានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុកឃុំ ជាពិសេសប្រជា ពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ ក្រុងសៀមរាប ឱ្យកាន់តែមានការរីកចម្រើន សម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត៕