(ភ្នំពេញ)៖ ខណៈកម្ពុជា គឺជាប្រធាន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកិច្ច សហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM) លើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM+3) លើកទី៨ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ច ប្រជុំពិនិត្យ លទ្ធផលការងារដែលសម្រេចបាន និងដឹកនាំតម្រង់ទិសការងារឆ្ពោះមុខ។
កិច្ចប្រជុំនេះ ជាការស្តាប់របាយការណ៍ ការងារដែលសម្រេចបាន កន្លងមក និងផែនការការងារដែលត្រូវអនុវត្ត ឆ្ពោះទៅកាន់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM និងកិច្ចប្រជុំប្រមុខ មុខងារសាធារណៈACCSM លើកទី២៣ និង ACCSM+3 លើកទី៨ ដែលគ្រោងនឹងរៀបចំក្នុងឆ្នាំ២០២៦។
តាមរយៈរបាយការណ៍ របស់ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃគណៈកម្មការកែទម្រង់ រដ្ឋបាលសាធារណៈ បានបង្ហាញអំពីផែនទីបង្ហាញផ្លូវ និងការងារធំៗជាច្រើន ដែលក្រសួងមុខងារសាធារណៈ ក្នុងនាមជាប្រធាន ACCSM ត្រូវដឹកនាំអនុវត្ត និងសម្របសម្រួល។
ក្នុងនោះការងារចំពោះមុខ ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងសហការជាមួយ លេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលាចំនួន២ ដើម្បីប្រមូលធាតុចូល និងពិភាក្សាលើការរៀបចំសេចក្តីព្រាងផែនការការងារ ACCSM និងACCSM+3 ឆ្នាំ២០២៦-២០៣០។ ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ នឹងត្រូវដឹកនាំរៀបចំសិក្ខាសាលា កិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធ រួមជាមួយការសម្របសម្រួល ការងារផ្សេងៗទៀត ជាមួយប្រទេសសមាជិកអាស៊ាន លើក្របខ័ណ្ឌមុខងារសាធារណៈ ក្នុងសមត្ថកិច្ចនៃភាពជាប្រធាន ACCSM។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានតម្រង់ទិសដល់ក្រុមការងារឱ្យ ប្រើប្រាស់សមត្ថភាពកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់យើង ដើម្បីទាញបានជាប្រយោជន៍ អភិវឌ្ឍវិស័យមុខងារសាធារណៈ នៅកម្ពុជា និងក្នុងតំបន់ ក៏ដូចជាដើម្បីផ្តល់ជាគុណតម្លៃ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាជនឱ្យកាន់តែប្រសើរ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញឱ្យ ក្រុមការងារធ្វើយ៉ាងណាយកចិត្ត ទុកដាក់ឱ្យបានខ្ពស់ចំពោះការ ធ្វើបដិសណ្ឋារកិច្ច និងរក្សាទំនាក់ទំនងល្អជា ប្រចាំជាមួយបណ្តាប្រទេស ដែលចូលរួមទាំងអស់៕