សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » នាឆ្នាំនេះ ស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់ អង្គការសហប្រជាជាតិ «BREAK THE CYCLE LE (កាត់ផ្តាច់ការវិវដ្ត នៃបញ្ហាគ្រឿងញៀន)»

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្រោមប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានធ្វើឡើងក្នុងគោល ដៅសំដៅធ្វើយ៉ាងណា បំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំ ពីផលប៉ះពាល់និងគ្រោះថ្នាក់ នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ ដាច់ខាតពីគ្រប់តួអង្គ ពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន ដែលស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការ សហប្រជាជាតិសម្រាប់ ទិវាអន្តរជាតិឆ្នាំ២០២៥ នេះ គឺ BREAK THE CYCLE (កាត់ផ្តាច់ការវិវដ្ត នៃបញ្ហាគ្រឿងញៀន)។

តាមរយៈបណ្តាញសង្គមការងារផ្លូវការ សម្តេចបវរធិបតី បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុក ទិវាដ៏មានអត្ថន័យមួយនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលរំលឹកឱ្យយើងទាំងអស់គ្នាបានឃើញពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ស្មារតីមោះមុត និងចលនាជាតិរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំកន្លងទៅ តាមគ្រប់រូបភាព វិធីសាស្ត្រ និងយុទ្ធសាស្ត្រ សំដៅធ្វើយ៉ាងណា កាត់បន្ថយ និងឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសង្គមកម្ពុជា។

សម្តេច បានបន្តថា កម្ពុជា ពិតជាមានមោទនភាពខ្ពស់ ដែលត្រូវបានទទួលការ វាយតម្លៃពីការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UNODC) ជាប្រទេសគំរូមួយក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីឆ្នាំ ២០២៤ កន្លងទៅ ដែលមានលក្ខណៈអធិកអធម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទូទាំង ២៥ រាជធានី ខេត្ត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *