អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ខ្ញុំកាន់តែភ្លឺភ្នែករាល់ភាព ប៉ិនប្រសប់រៀបកលល្បិចរបស់ថៃ ហើយទម្លាក់កំហុសមកកម្ពុជា

(ភ្នំពេញ)៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅថ្ងៃទី ២៥ ខែមិថុនា ដែលជាសារចំហជូនអ្នកជិតខាង «ថៃ»។ ការសម្រេចបញ្ចេញសារចំហនេះ ដោយសង្កេតឃើញពីការធ្វើ
នយោយដ៏កខ្វក់របស់ថៃ តែងប្រើល្បិចគ្រប់បែបយ៉ាង ហើយទម្លាក់កំហុស មកកម្ពុជាជាបន្តបន្ទាប់។ តួយ៉ាងថៃប្រកាសថាបើក ច្រកព្រំដែនឡើងវិញ ដើម្បីបំភាន់សាធារណមតិ ជាក់ស្តែងពុំបានបើកនោះទេ ហើយបែរជាមកចោទប្រកាន់កម្ពុជាថាជាអ្នកមិនបើកទៅវិញ។

សារចំហរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានខ្លឹមសារដូចខាងក្រោម៖

ខ្ញុំពិតជាមិនសរសើរមិនបាន ដែលថៃត្រូវពិភពលោក ស្គាល់ថាជាប្រទេសសម្បូរល្បិច។ ពេលនេះ ខ្ញុំកាត់តែភ្លឺភ្នែក និងសូមសរសើររាល់ភាព ប៉ិនប្រសប់ក្នុងការរៀបល្បិចកិច្ចកលពិសពស់។ ជាក់ស្ដែង ថៃបានបង្កើតល្បិចថ្មីមួយទៀតគឺ«បើកតែបិទ» ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើម។ សូមសរសើរចេះរកនឹកឃើញ! តែសូមពិចារណាមើលថា បើបើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ ជាធម្មតា ជាប្រក្រតី ជាទូទៅដូចកាលមុនខ្លួនបិទដោយឯកតោភាគីនោះ តើនេះជាចរិតមនុស្សអី ឬជារ៉ូបូត?

ខ្ញុំចាត់ទុកថា ជាល្បិចស្មោកគ្រោកថ្មីរបស់ ថៃដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់ រកកល់នឹងរំលំដួលរដ្ឋា​ភិបាលដែលរង សម្ពាធជុំទិសពីមហាជនអាវលឿង យុវជនជាបញ្ញវន្ត បណ្ដាបក្សនយោបាយនានា ពិសេសពីយោធាដែល មើលឃើញថារដ្ឋាភិបាលថៃ បច្ចុប្បន្នគ្មានសមត្ថភាពដឹកនាំ គ្រប់គ្រងប្រទេសធ្វើឱ្យ បាក់មុខមាត់លើឆាកអន្តរជាតិ។

ខ្ញុំជឿថា គ្មាននរណាម្នាក់គេមិន ដឹងអំពីមហិច្ឆតាខុសតម្រា ដែលថៃកំពុងលេងល្បិចថ្មី ដោយចេតនាទុច្ចរិតនេះដោយធ្វើជាបើកទ្វារច្រកយ៉ាងកម្សត់ តែមិនឱ្យមានការឆ្លងកាត់ជាទូទៅ ដោយថតរូបភាពផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន បំភាន់សាធារណមតិជាតិខ្លួន និងអន្តរជាតិ ដើម្បីទម្លាក់បន្ទុកមកខាងកម្ពុជាថា បិទច្រកព្រំដែនតែម្ខាង មិនបើកទៅវិញនោះ។ អស់សំណើច!

រឿងបិទច្រកតាមទំនើងរបស់ខ្លួននេះ ទំាងប្រជាជនថៃខ្លួនឯង ក៏បានដឹងនិងចូលរួមផ្សព្វផ្សាយ យ៉ាងផុលផុសទាំងក្នុងនិងក្រៅប្រទេស ទាំងខឹងសម្បាររិះគន់ ថ្កោលទោសតវ៉ាប្រឆាំង ព្រោះតែខាតប្រយោជន៍ យ៉ាងសម្បើមរបស់ប្រជាជនថៃ ហើយពិភពលោកទាំង មូលក៏បានដឹងនិងស្គាល់ មារយាទថៃច្បាស់ជាងថ្ងៃទៅទៀតផង។ ទង្វើថៃបែបនេះវាកាន់ តែជាកំណត់ត្រាបញ្ចូល ក្នុងសំណុំរឿងថ្កោលទោស និងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។

ខ្ញុំនិយាយម្ដងទៀត បើថៃពិតមានសុចរិតភាព និងសេចក្ដីក្លាហានមែន មិនមែនត្រដខ្យល់ទាក់ទង តាមទូរស័ព្ទមកថ្នាក់ដឹកនាំកម្ពុជា ស្នើឱ្យមានការជួបជែក គ្នាឬចរចារដើម្បីបើកច្រក ដែលខ្លួនបិទតែឯងនោះទេ។ យល់! លើសពីនេះ បើថៃចិត្តសឿងជាកូនប្រុស ជាប្រទេសស៊ីវិល័យដើរ ច្រាសទិសច្បាប់អន្តរជាតិ ចង់បើកច្រកទាំងអស់ជាផ្លូវការ ដូចដើមមែនវិញនោះ ថៃត្រូវចេញលិខិតប្រកាស និរាករណ៍សេចក្ដីសម្រេចមុនៗ ដើម្បីបើកជាចំហ និង/ឬថ្លែងជាសាធារណៈ បញ្ជាក់ទឹកចិត្តស្មោះដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថា ខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដោយកុំបន្តអូសក្រឡា ឬរកកន្លែងចុះចត ដើម្បីគេចវេសពី ភាពអាម៉ាសរបស់ខ្លួន ដែលពេលនេះ ខ្លួនភ្ញាក់ដឹងខ្លួនដូចខ្មោច៧ថ្ងៃនោះ។

សូមអ្នកជិតខាង កុំព្យាយាមទាញកម្ពុជា ទៅជជែកឬចរចាររឿងបើក។ អ្វីដែលកម្ពុជាជួយបាននឹងជួយ។ តែសូមស្គាល់ថ្នាក់ដឹកនាំកម្ពុជាផង! ហ៊ានទេ? បើកទៅ ហ៊ានស៊ីហ៊ានសង កុំខ្លាចអន់ ព្រោះល្បែង នយោបាយវាអ្នកប្រើ បែបនេះក្នុងកាលៈទេសៈ បងប្អូនកំពុងឈ្លក់ទឹកហ្នឹង។ ហ៊ានទទួលខុស ហ៊ានទទួលត្រូវ ក្នុងនាមអ្នកនយោបាយដែលអួតថាមានវិជ្ជាជីវៈ ហើយចោទគេឯងថាគ្មានវិជ្ជាជីវៈនោះ។ កែខ្លួនទៅ ក្រែងអាណត្តិក្រោយអាច មានសម្លេងក្នុងសភា នឹងគេទៀត។

សូមបញ្ជាក់ឡើងវិញ កុំបើកចំហតែទ្វារ ដើម្បីបង្ហាញរូបភាពបង្អួតបំភាន់ ដោយស្មានតែអន្តរជាតិមិនដឹង។ ជារួម កុំបើកចំហតែទ្វារ តែបិទមិនឱ្យមានការ ចេញចូលឆ្លងកាត់ជាទូទៅ ជាធម្មតា ជាប្រក្រតីដូចកាលពីដើមនោះ។ នេះហៅថា«បើកតែបិទ» ក្នុងឧបាយកលពិសពល់ ខុសពីសារធាតុជាមនុស្ស ស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួនមែនទេ! សូម្បីតែក្មេងមតមតេយ្យ ក៏ស្គាល់មារយាទចចក របស់អស់លោកដែរ។ ឈប់បានឈប់ទៅ! កុំព្យាយាមបង្កើត ប្រធានបទទប់កៅអីខ្លួន។ ទប់មិនជាប់ទេធន់ៗហ្នឹងអីនោះ! ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *