(ខេត្តបន្ទាយមានជ័យ)៖ អាជ្ញាធរកម្ពុជា និងថៃ បានសម្របសម្រួលឱ្យពលរដ្ឋប្រទេសទាំងពីរនៅជាប់គាំងនៅព្រំដែនប៉ោយប៉ែតបានត្រលប់ទៅប្រទេសវិញចាប់ពីម៉ោង៥ ដល់ម៉ោង៨ យប់ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនានេះមុននឹងបិទទាំងស្រុង។
បើតាមការអោយដឹងពីមន្ត្រី នគរបាលច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ការបើកនេះគឺបន្ទាប់ពីមានការសម្របសម្រួលពីភាគីកម្ពុជា-ថៃដើម្បីបើកឱ្យពលរដ្ឋបានត្រលប់មកប្រទេសខ្លួនឯងវិញនិងត្រឹមតែថ្ងៃនេះប៉ុណ្ណោះ។ នៅម៉ោងនេះដូចគ្នារថយន្តក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅប្រទេសវិញផងដែរ តែមិនអនុញ្ញាតឱ្យមានដឹកទំនិញនោះទេ។
គួរឱ្យដឹងផងដែរថា យោធាថៃបានសម្រេចដោយឯកតោភាគី បិទច្រកព្រំដែនទាំងអស់ ជាមួយកម្ពុជាកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយយកលេសថាកម្ពុជាឈ្លានពាន និងឆបោកតាមអនឡាញ ក្នុងពេលដែលអង្គការ សហប្រជាជាតិដាក់លិខិតឱ្យ រដ្ឋាភិបាលថៃបំភ្លឺពីការរីក ស្គុះស្គាយនៃក្រុមឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសថៃ៕