ស្ទឹងត្រែងៈនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ ដឹងពីគ្រឿងញៀន អេដស៍ និងគ្រោះមហន្តរាយជូនដល់មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្នុងគោលបំណងទប់ស្កាត់ការហូរចូលនៃសារធាតុញៀនខុសច្បាប់ និងចូលរួមលុបបំបាត់ជំងឺអេដស៍ ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាបញ្ជប់ការឆ្លងរាលដាលជំងឺអេដសន៍ទាំងស្រុងនៅឆ្នាំ២០២៥។
សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ចៅ មុន្នីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីក្រុមការងារក្រសួងបរិស្ថានមន្ត្រីមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្សជាច្រើននាក់។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថាបញ្ហាគ្រឿងញៀន និងជំងឺអេដស៍ជាបញ្ហាដែលយើងត្រូវរួមទាំងអស់គ្នាក្នុងការទប់ស្កាត់គ្នា ប្រសិនជាគ្មានការចូលរួមនោះយើងមិនទទួលបានជោគជ័យក្នុងទប់ស្កាត់ការហូរចូលនៃសារធាតុញៀនក្នុងប្រទេសកម្ពុជាបាននោះទេ ហើយបញ្ហាជំងឺអេដស៍ ក៏ដូចគ្នា យើងត្រូវចូលរួមទាំងអស់គ្នាដើម្បីឲ្យផែនការជាតិ លុបបំបាត់ជំងឺអេដស៍ របស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០២៥ ឲ្យទទួលបានជោគជ័យ។
ឯកឧត្តមបានបញ្ជាក់ថាពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន មន្ត្រីបរិស្ថានឬឧទ្យានុរក្ស ជានគរបាលយុត្តិធម៍ដែលបានធ្វើសច្ចាប្រណិធានរួចរាល់ ហើយមានសិទ្ធក្នុងការចាប់ ឬវៃខ្នោះចំពោះបុគ្គលឬឧក្រិដ្ឋជនគ្រឿងញៀន ដែលបានលួចលាក់ចរាចរណ៍ ជួញដូរគ្រឿងញៀន ខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថានរួចកសាងសំណំបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនបន្តនីតិវិធីតាមផ្លូវច្បាប់៕
SamNeang