ស្ទឹងត្រែង÷ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយរបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនិតិសម្បទាខេត្តស្ទឹងត្រែងជូនដល់ ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ ចំនួន ១៩០ គ្រួសារ ដែលមកពី ភូមិ ចំនួន ០២ គឺ ភូមិវាលព្រីង និង ភូមិ រិទ្ធីសែនជ័យ០២ ឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនិតីសម្បទាខេត្ត លោក ស៊ុត វណ្ណា បានអោយដឹងថាអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជា អំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និង យុវនិតិសមទា និងថ្នាក់ដឹកនាំខេត្តផងដែរ ដែលក្នុង០១គ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម . មី ១កេស .ត្រីខ ១យួរ .ទឹកត្រី ១ យួរ និងភួយ១ ផងដែរ។
មានប្រសាសន៍ក្នុងពិធី ឯកត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថាដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេស ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ដោយក្នុងនោះ ក្រសួង សង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៏ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនអោយកាន់តែល្អថែមទៀត ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជាបានធ្វើអោយប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៏ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យរួមមានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនអោយប្រជាពលរដ្ឋ ខ្វះខាតលំបាកអ្វីឡើយ ។