ស្ទឹងត្រែង៖នៅរសៀលថ្ងៃទី១៦ធ្នូ២០២២ចុងសប្តាហ៍នេះអាជ្ញាធរក្រុងស្ទឹងត្រែងបានរៀបចំនីតិវិធីបោះឆ្នោតជ្រើសរើសគណ:អាជីវករសហគមន៍ផ្សារសាមគ្គីក្រុងស្ទឹងត្រែង ដែលមានសមត្ថភាពពង្រឹងការងារ គ្រប់គ្រង ឱ្យមានប្រសិទ្ធភាព សម្រាប់ឆ្នាំ២០២៣-២០២៥បន្ទាប់ពីគណ:អាជីវករអាណត្តិទីមួយឆ្នាំ២០១៩ -២០២២ត្រូវបានបញ្ចប់នៅដំណាច់ ខែធ្នូនេះ ក្រោមអធិបតីភាពលោក សាយ កុសល់ អភិបាលខេត្តស្ទឹងត្រែង ។
មានប្រសាសន៍ក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសគណៈអាជីវករសហគមន៍ផ្សារសាមគ្គី លោក សាយ កុសល់ អភិបាលក្រុងស្ទឹងត្រែងបានមានប្រសាសន៍ថានេះជាការរៀបចំគណ:អាជីវករផ្សារឱ្យបំពេញកាតព្វកិច្ចឱ្យមានតម្លាភាព សម្រាប់បងប្អូនអាជីវករផ្សារ ដើម្បីធ្វើឱ្យការដឹកនាំដំណើរការមានភាពប្រសើរឡើង និងបង្កើនការគ្រប់គ្រងផ្នែកសន្តិសុខឱ្យបានកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ។
លោកអភិបាលក្រុងបន្តថា មន្ត្រីសហគមន៍ផ្សារ មានប្រធាន អនុប្រធាននិងសមាជិកគណ: អាជីវករ ដែលជាប់ឆ្នោតថ្មី ពេលចូលបំពេញការងារ ត្រូវរួមគ្នាអនុវត្តភារកិច្ចឱ្យបានល្អ តាមល័ក្ខខ័ណ្ឌ ក្នុងសៀវភៅបន្ទុក និងរៀបចំឡើងប្រកបដោយភាពរីកចម្រើន ធ្វើឱ្យទីផ្សារមានរបៀបរៀបរយ ការលក់ ដូរមានសណ្តាប់ធ្នាប់ល្អ អនុវត្តឈរលើកត្តាសាមគ្គីភាពគ្នា ដោះស្រាយរាល់បញ្ហាប្រឈមនានាប្រកបដោយតម្លាភាព និងគ្មានអំពើហិង្សា ។
លោក សឺង មុន្នីរ័ត្ន ប្រធានគណ: អាជីវករផ្សារសាមគ្គីស្ទឹងត្រែង ជាប់ ឆ្នោតអាណត្តិទី២ បានសាទរចំពោះ បងប្អូនអាជីវករផ្សារទាំងអស់ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យរូបលោកធ្វើជាប្រធានសហគមន៍ផ្សារសាមគ្គី ព្រោះនេះជាជំហរទទួលខុសត្រូវរួមគ្នា ទាំងការងារអាជីវកម្មនិងកិច្ចការការពារសន្តិសុខក្នុងផ្សារ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកថាលោកនឹងប្រឹងប្រែងសហការគ្នាអនុវត្តការងារឱ្យមានប្រសិទ្ធភាពតាមល័ក្ខខ័ណ្ឌក្នុងសៀវភៅបន្ទុកតាមការណែនាំរបស់គណ:អភិបាលក្រុងដោយរៀបចំផែនសណ្តាប់ធ្នាប់សាធារណ:ទីតាំងលក់ដូរឱ្យមានរបៀបរៀបរយ ដើម្បីលើកកម្ពស់ផ្នែកអាជីវកម្ម ជូនបងប្អូនអាជីវករឱ្យមានតុល្យភាពគ្នា។
សូមបញ្ជាក់ថាគណ:អាជីវករផ្សារសាមគ្គីស្ទឹងត្រែងមានចំនួន៥ រូបដែលបងប្អូនអាជីវករបោះឆ្នោតជូនសម្រាប់បំពេញការងារអាណត្តិទី២ រួមមាន ទីមួយលោក សឺងមុន្នីរ័ត្ន ជាប្រធាន លោកចាន់គឹមឈុនជាអនុប្រធាន និងមានសមាជិកចំនួន៣រូបទៀត បន្តអនុវត្តការងារចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៥។