(ខេត្តកំពត)៖ អាជ្ញាធរ និងប្រជាពលរដ្ឋក្រុងកំពត ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានដាក់ចុះនូវ គោលនយោបាយដ៏ត្រឹមត្រូវ ធ្វើអោយគ្រប់មូលដ្ឋាន នៅទូទាំងប្រទេស និយាយដោយឡែកខេត្តកំពត មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ទន្ទឹមនឹងនោះពួកគាត់ក៏ បានសម្ដែងការពេញចិត្ត និងការគាំទ្រចំពោះថ្នាក់ ដឹកនាំខេត្តដែលតែងតែផ្ដល់ ភាពកក់ក្តៅដល់ពលរដ្ឋ គ្រប់មូលដ្ឋាន។
នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញបើក ការដ្ឋានជួសជុល និងអ៊ុតកៅស៊ូ អេស៊ី ផ្លូវមាត់ព្រែកកំពងផបាយ ចាប់ពីចំណុចគល់ស្ពានថ្មីរ ហូតដល់រូបសំណាកត្រីផ្សោត និងផ្លូវកាត់ទទឹង ផ្លូវមាត់ព្រែកជាច្រើនខ្សែទៀត។
ចៅសង្កាត់កំពង់បាយ ក្រុងកំពត លោក ងួន សារឿន បានលើកឡើងថា ខេត្តកំពតក្រោមការដឹកនាំ របស់ឯកឧត្តមម៉ៅ ធនិន លោកតែងតែយកចិត្ត ទុកដាក់លើការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍នៅគ្រប់មូលដ្ឋាន។
ជាក់ស្ដែងថ្ងៃនេះឯកឧត្តម ក៏បានអញ្ជើញបើក ការដ្ឋានជួសជុល និងអ៊ុតកៅស៊ូ អេស៊ី ផ្លូវមាត់ព្រែកកំពង់បាយ និងផ្លូវកាត់ទទឹងផ្លូវមាត់ព្រែក ជាច្រើនខ្សែរទៀត។
ចំណែកប្រជាពលរដ្ឋ ដែលជាអាជីវករ ម្ចាស់អាហារដ្ឋាន និងផ្ទះសំណាក់ក្នុងក្រុងកំពត បានបង្ហាញមោទនភាព ចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ឯកឧត្តមអភិបាលខេត្តកំពត ដែលបានខិតខំអភិវឌ្ឍខេត្ត ឲ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញ ភ្ញៀវទេសចរច្រើនឡើងៗ ធ្វើឲ្យមុខរបររបស់ពួកគាត់ កាន់តែប្រសើរជាលំដាប់។
បើតាមការបញ្ជាក់របស់ ឯកឧត្តមអភិបាលខេត្ត នៅពេលខាងមុខដ៏ខ្លីនេះ សមិទ្ធផលជាច្រើនរបស់ ខេត្តកំពត និងលេចចេញ រូបរាងជាបន្តបន្ទាប់ ពិសេសហេដ្ឋារចនា សម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ខណៈដែលផ្លូវដែកកំពុងតែសកម្មនៅក្នុងការដឹកជញ្ជូនទំនិញ នឹងភ្ញៀវទេសចរ( កំពត-ភ្នំពេញ និងកំពត-កំពង់សោម) ៕ សេង ណារិទ្ធ