ពលរដ្ឋស្រុកជុំគិរីនៅតែបន្តរបរ ធ្វើទ្រូឈ្នាងអង្រុតដើម្បី រួមចំណែកថែរក្សាកេរដំណែល វប្បធម៌ប្រពៃណី

(ខេត្តកំពត)៖ ពលរដ្ឋឃុំច្រេស និងឃុំស្រែសំរោង ស្រុកជុំគិរីប្រមាណ៤០គ្រួសារ នៅតែបន្តប្រកបរបរធ្វើទ្រូ ឈ្នាង អង្រុត ទោះបីជាទីផ្សារចង្អៀត យ៉ាងណាក៏ដោយ។ ពួកគាត់យល់ថាការបន្ត របរនេះអាចចូលរួមចំណែក  ក្នុងថែរក្សាចំណេះជំនាញ ធ្វើឧបករណ៍នេសាទ លក្ខណៈប្រពៃណី ដែលជាកេរដំណែលវប្បធម៌ខ្មែរ តាំងពីបុរាណ ឲ្យនៅគង់វង្ស។ ពលរដ្ឋបានអំពាវនាវដល់មន្ត្រីជំនាញ អ្នកពាក់ព័ន្ធជួយផ្សព្វផ្សាយ និងស្វែងរកទីផ្សារបន្ថែម ដើម្បីបន្តនិរន្តរភាពមុខរបរមួយនេះ។

អ្នកប្រកបរបរធ្វើទ្រូ ឈ្នាង អង្រុត រស់នៅក្នុងភូមិស្រែសំរោង ឃុំស្រែសំរោង ស្រុកជុំគិរី បានប្រាប់អ្នកយកព័ត៌មានកាលពីរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៥ថា ការធ្វើទ្រូ ឈ្នាង និងអង្រុត គឺត្រូវការត្រូវការវត្ថុធាតុដើមដូចជា វល្លិ៍ និងឬស្សី ។ ចំពោះវល្លិ៍អាចរកបាននៅតាមព្រៃក្បែរៗផ្ទះ  ចំណែកឫស្សីគឺត្រូវចំណាយលុយទិញ។ អ្នកស្រីថា ១ថ្ងៃអាចធ្វើបានទ្រូធំ១ បើទ្រូតូចអាចធ្វើបាន២ក្នុងមួយថ្ងៃ។ ចំពោះទីផ្សារចង្អៀតខ្លាំងណាស់ ជាក់ស្តែងឆ្នាំនេះ តម្លៃលក់ទ្រូ ឈ្នាង និងអង្រុតបានធ្លាក់ចុះច្រើន ទ្រូតូចលក់បានត្រឹមតែ ៨.០០០រៀល ហើយទ្រូធំលក់បានត្រឹមតែតម្លៃ ២០,០០០រៀលប៉ុណ្ណោះ ខណៈដែលតម្លៃលក់អាចចំណេញបានខ្លះ ទ្រូធំត្រូវលក់ន្លោះពី ២៥,០០០រៀល ទៅ ៣០,០០០រៀល ហើយទ្រូតូចចន្លោះពី ១២,០០០រៀល ទៅ ១៣,០០០រៀល។

លោកស្រីបានបន្តថា សព្វថ្ងៃអ្នកភូមិបន្តប្រកបមុខរបរធ្វើ ទ្រូ ឈ្នាង និងអង្រុត ព្រោះតែស្រឡាញ់ និងចង់ថែរក្សាកេរដំណែលសម្បត្តិវប្បធម៌ដូនតា ទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់។ ម្យ៉ាងពួកគាត់ទំនេរពីរការងារធ្វើស្រែចំការ មិនដឹង ទៅធ្វើអ្វីកើត ក៏ចេះតែបន្តប្រកបរបរនេះរួមផ្សំរហូតមក។ តែយ៉ាងណាក៏ដោយ អ្នកស្រីថា ចំនួនអ្នកប្រកបរបរធ្វើទ្រូ អង្រុត និងឈ្នាងបានថយចុះ ព្រោះទីផ្សារចង្អៀត។

តាមការបញ្ជាក់របស់ លោក ស្មាន់ វណ្ណនិមល មន្ត្រីនៃលេខាធិការដ្ឋានគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តកំពតបានឱ្យដឹងថា ស្រុកជុំគិរីមានប្រជាពលរដ្ឋចំនួន៣៨គ្រួសារប្រកបមុខរបរធ្វើទ្រូ អង្រុត និងឈ្នាង បានចុះបញ្ជីជាសមាជិក ភូមិមួយផលិតផលមួយសម្រាប់ឆ្នាំ២០២៤ ដែលក្នុងនោះឃុំច្រេស មានចំនួន ៣៦គ្រួសារ និងឃុំស្រែសំរោង មានចំនួន២គ្រួសារ ហើយលេខាធិការដ្ឋានតែងតែជួយជំរុញ និងលើកទឹកចិត្តនឹងជួយពលរដ្ឋតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *