ត្រឹមតែ១១ថ្ងៃ មានពលរដ្ឋជាង២សែននាក់ បានឈ្វេងយល់ពី គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

(ភ្នំពេញ)៖ ក្នុងរយៈពេល១១ ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋទូទាំងប្រទេសជាង២សែននាក់បានចូលរួមឈ្វេងយល់អំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងថា ការឈ្វេងយល់នេះ ធ្វើឡើងតាមរយៈសកម្មភាពមន្រ្តីថ្នាក់ជាតិ និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបន្តចុះផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទូទាំងប្រទេសជាង៥ពាន់លើក។

អ្នកនាំពាក្យបានមានប្រសាសន៍ថា គោលបំណងនៃការប្រឹងប្រែង ផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺដើម្បីបំផុសចលនាឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រគោលនយោបាយ នេះឱ្យបានសកម្ម តាមរយៈ សកម្មភាពវិជ្ជមានជាអាទិ៍ ការរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចនូវរឿងរ៉ាវ ក្នុងមូលដ្ឋានដែលជា តម្រុយបទល្មើស ឬសកម្មភាពល្មើសជាក់ស្ដែង ដូចជាការលក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងជាដើម។

គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ ៧យ៉ាង រួមមាន ១.ផ្តល់សេវាសាធារណៈជាពិសេស សេវារដ្ឋបាលប្រកប ដោយគុណភាព តម្លាភាព និងទទួលបានជំនឿចិត្ត ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រី និងកុមារ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៥.ដោះស្រាយវិវាទនៅ តាមមូលដ្ឋានក្រៅ ប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកប ដោយប្រសិទ្ធភាព៕ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មាន ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *