(ភ្នំពេញ)៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ គិតគូររៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌ និង គ.ក.ន.ក សង្កាត់ ដើម្បីពង្រឹងសមត្ថភាព ក្នុងការដោះស្រាយ និងឆ្លើយតបនូវបញ្ហាផ្សេងៗបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។
ការស្នើបែបនេះរបស់ ឯកឧត្តម ម៉ប់ សារិន បានធ្វើឡើងក្នុងពិធី «បិទកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រី តិមា វិច្ឆិកាល អភិបាលរង និងលោកស្រីកែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ហៅកាត់ថា “គ.ក.ស.ក” មានតួនាទី និងភារកិច្ចស្នូល ចូលរួមក្នុងការកសាងចក្ខុវិស័យជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍនៅក្នុងដែន សមត្ថកិច្ចរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងដើម្បីធ្វើឱ្យសម្រេចបាននូវសមភាពយេនឌ័រ និងការផ្តល់សេវា ផ្សេងៗ ដែលពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ត្រី យុវវ័យ និងកុមារ ក្នុងដែនសមត្ថកិច្ច។
ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានស្នើឱ្យ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុងការរៀបចំផែនការ សកម្មភាព និង ថវិកាប្រចាំឆ្នាំបញ្ចូលក្នុងកម្មវិធីវិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌ ដើម្បីទទួលបានការគាំទ្រ ពីក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ ។ គ.ក.ន.ក សង្កាត់ទាំង១០៥ ត្រូវរៀបចំកិច្ចប្រជុំប្រចាំខែឱ្យបានទៀងទាត់ និងមានរបាយការណ៍ នៃកិច្ចប្រជុំ ហើយត្រូវរៀបចំគម្រោងផែនការថវិកា និងផែនការសកម្មភាពប្រចាំឆ្នាំ ទៅតាមថវិកាវិភាជន៍ របស់ រដ្ឋបាលសង្កាត់។ គ.ក.ន.ក សង្កាត់ទាំង១០៥ ត្រូវរៀបចំគូសផែនទីសេវាសង្គមភូមិ ដូចមានណែនាំនៅក្នុង សៀវភៅ ស្តីពីការអនុវត្តការងារសេវាសង្គម ឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ។ គ.ក.ស.ក នៃរដ្ឋបាលរាជធានីភ្នំពេញ, គ.ក.ស.ក នៃរដ្ឋបាលខណ្ឌ, គ.ក.ន.ក សង្កាត់, មន្ទីរ ជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាសហការឱ្យកាន់តែល្អប្រសើរ ដើម្បីឱ្យការអនុវត្ត ការងារសេវាសង្គមនៅថ្នាក់រាជធានី កាន់តែទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាព។គ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ត្រូវបន្តអប់រំ ផ្សព្វផ្សាយនូវគោលនយោបាយគាំពារសង្គមនានា របស់ រាជរដ្ឋាភិបាល៕