ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល សាងសង់សម្រេចបានប្រមាណ៥២% ហើយ

(ភ្នំពេញ)៖ ការដ្ឋានសាងសង់ ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយ មហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល សាងសង់សម្រេច បានប្រមាណ៥២% ហើយ។

នេះបើយោងតាមការ អោយដឹងពីលោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅ ថ្ងៃទី៣១មករា២០២៥នេះថា៖ គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពាន អាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតទាំងមូល សម្រេចបានប្រមាណ៥២%ហើយ។

ចំពោះស្ពានដែលមាន ទិសដៅពីមហាវិថី សម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះនិង សសរស្ពានរួចរាល់ហើយ។

បច្ចុប្បន្នកំពុងតែដំឡើង ធ្នឹមបេតុងបានប្រមាណ ជាង៦០%(៤ប្រលោះ/៧ប្រលោះ) ហើយ គ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាន នៅចុងខែមិនាខាងមុខនេះ។ ចំពោះស្ពានដែលមានទិសដៅ ពីមហាវិថីព្រលានសម្តេចតេជោ  ទៅមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) បានសាងសង់គ្រឹះ និងសសររួចហើយ។ឯការដំឡើងធ្នឹមនឹង រៀបចំចាប់ពីខែមេសាខាងមុខនេះ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ផងដែរថា៖ ចំពោះការសាងសង់ដំឡើងធ្នឹម ស្ពាននេះនឹងមានបិទចរាចរណ៍  រវាងមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) មហាវិថីព្រលានសម្តេចតេជោនិងផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន)ម្តងម្កាល ដោយសារការដ្ឋាន ត្រូវការប្រើប្រាស់គ្រឿងចក្រធំៗ និងដើម្បីពន្លឿនការងារអោយ បានទាន់ផែនការ។ដូចនេះសូមប្រជាពលរដ្ឋដែល ប្រើប្រាស់ផ្លូវទាំនេះមេត្តា យោគយល់និងអធ្យាស្រ័យ។

ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈ ពេលសាងសង់ចំនួន១២ខែ។

គួរបញ្ជាក់ថា៖ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតីបាន ធ្វើពិធីបើកការដា្ឋនកាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បន្ទាប់ពីឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន កាលពីនារសៀលថ្ងៃទី១៦មិថុនា។

សូមបញ្ជាក់ផងដែរថា គម្រោងស្ពានអាកាស ភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងបញ្ចប់ការដ្ឋានទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ទៅតាមផែនការដែលបានគ្រោង ទុកដោយប្រើប្រាស់ថវិកាក្នុ ងសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិកនិងប្រើប្រាស់រយៈ ពេលសាងសង់ចំនួន១២ខែ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *