អភិបាលខេត្តកំពង់ចាម ដាក់វិធានការឲ្យមន្ត្រីពាក់ព័ន្ធ រួមគ្នាអនុវត្តការគ្រប់គ្រងសំណល់រឹង និងសំរាម ឲ្យបានត្រឹមត្រូវ

(ខេត្តកំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំស្ដីអំពីការ គ្រប់គ្រងសំណល់រឹង និងសំរាម និងបញ្ហាផ្សេងៗពាក់ព័ន្ធវិស័យបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានដាក់ចេញនូវវិធានការដល់មន្ត្រីពាក់ព័ន្ធ ដើម្បីឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តក្នុងការគ្រប់គ្រងសំណល់រឹង និងសំរាម ដោយទុកដាក់ឲ្យបានត្រឹមត្រូវ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីរក្សាបរិស្ថានស្អាតក្នុងក្រុងកំពង់ចាម ក៏ដូចតាមបណ្ដាស្រុកនានា មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖

ទី១ ៖ គឺវិធានការអប់រំផ្សព្វផ្សាយ ចាំបាច់ត្រូវបន្តធ្វើ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបោះបង់ការ ប្រើប្រាស់ថង់ប្លាស្ទិច ដើម្បីឲ្យពួកគាត់ចូលរួម ទទួលយកភាពស្អាតទាំងអស់គ្នា។ រីឯគោលដៅអាទិភាព គឺចាប់ផ្ដើមពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ.ប្រជាពលរដ្ឋប្រើប្រាស់ដងផ្លូវ. រោងចក្រសហគ្រាសដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវ។ ទន្ទឹមនឹងនេះរោងចក្រសហគ្រាសក៏ត្រូវចូលរួមសហការ អប់រំណែនាំដល់កម្មករ កម្មការិនីរបស់ពួកគាត់ ហើយចំពោះរថយន្តដឹកកម្មករ កម្មការិនី ត្រូវឱ្យមានធុងដាក់សំរាមនៅលើរថយន្តនោះតែម្ដង។

ទី២ ៖ សម្រាប់អាជ្ញាធរដែនដី គឺមានតួនាទីសំខាន់ ក្នុងការដឹកនាំចាត់ចែងឲ្យមានសកម្មភាព ដើម្បីបំផុសដល់សហគមន៍ប្រជាពលរដ្ឋចូលរួម តាមរយៈយន្តការសិស្សសាលា យុវជនទាំងអស់ គឺឲ្យពួកគាត់ចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមសំអាតប្រមូលសំរាម និងថង់ប្លាស្ទិកយកទៅដាក់ទីកន្លែងទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ចំពោះបុគ្គលណាដែល មិនចូលរួមជាមួយនឹងអាជ្ញាធរ ហើយនៅតែប្រព្រឹត្តចោលសំរាម ឬថង់ប្លាស្ទិកពាសវាលពាសកាល ត្រូវកោះហៅយកមកធ្វើ កិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាល។ហើយ ប្រសិនបើ បុគ្គលនោះនៅតែប្រព្រឹត្តល្មើសទៀត គឺអាចប្រឈមនូវការទទួលពិន័យ ដោយប្រការនេះ អាជ្ញាធរមូលដ្ឋាន និងមន្ទីរបរិស្ថាន ត្រូវសិក្សាពីលទ្ធភាពដែលត្រូវពិន័យ ទៅតាមច្បាប់ របស់ក្រសួងបរិស្ថានដែលបានចែង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *