សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ថាមពល កសិកម្ម សុខាភិបាល បន្ថែមទៀត

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មាន សក្តានុពលនៅក្នុងតំបន់ និងសកលលោក។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោល នយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ផែប្រទេសកម្ពុជា មានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួល ក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។

ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមាន សក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ និងបង្កើនការវិនិយោគផងដែរ ក្នុងនោះការនាំចេញនូវ ផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ម្រេច ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងវិស័យសុខាភិបាលជាដើម។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងឱកាសទទួលជួប ពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់  ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា ដែលបានអញ្ជើញ មកកាន់វិមានរដ្ឋសភា ជាថ្មីម្តងទៀត ខណៈដែល សម្តេច ធ្លាប់បានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត កាលពីចុងឆ្នាំ២០២៣ នៅពេលដែលសម្តេច ទើបត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភានីតិកាលទី៧។

សម្តេចប្រធាន រដ្ឋសភាបានរំលឹកថា កាលពីជំនួបលើកមុន ឯកឧត្តម ឯកអគ្គរដ្ឋទូត បានផ្តួចផ្តើមគំនិតអំពី ការចងក្រងក្រុមនិស្សិត កម្ពុជាដែលបាន ទទួលការសិក្សានៅ ប្រទេសអាស៊ែបៃហ្សង់ (Alumni)។ សមាគមនិស្សិតនៅ ដើរតួសំខាន់មួយ ចំណែកទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រោះទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ពិតជាមានសារៈ សំខាន់ខ្លាំងណាស់ និងជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់ ទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរឡើងថែមទៀត។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភា សម្តេចគាំទ្រចំពោះ គំនិតផ្តួចផ្តើមដ៏ល្អនេះ។ នាពេលបច្ចុប្បន្ន មានសមាគមអតីតនិស្សិត កម្ពុជាដែលសិក្សានៅ បរទេសជាច្រើនដូចជា សមាគមអតីតនិស្សិតអូស្រ្តាលី ជប៉ុន សឹង្ហបូរី អង់គ្លេស និងកូរ៉េ ជាដើម។

ឯកឧត្តម ស៊ូវគី មេឌីហ្សាដា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដែលសម្តេចមហារដ្ឋសភា ធិការធិបតី តែងតែឆ្លៀត ឱកាសជួបពិភាក្សាការងារ ជាមួយឯកឧត្តម។ សម្តេចក៏ដូចជារដ្ឋសភាទំាងមូល បានសហការយ៉ាងល្អជាមួយ ស្ថានទូតសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំនៅកម្ពុជា ទោះបីស្ថានទូតមាន និវេសនដ្ឋាននៅ ទីក្រុងហាណូយ ប្រទេសវៀតណាមយ៉ាងណាក្តី។ កិច្ចសហប្រតិបត្តិការរបស់រដ្ឋសភា បានលើកកម្ពស់ទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការប្រទេសទំាងពីរ ឱ្យមានការរីកចម្រើននិងរឹងមាំ ជាលំដាប់ទំាងខាង ស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់និងកោតសរសើរ យ៉ាងក្រៃលែងពីការរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលបន្តបេសកកម្ម ពីសម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថានឹង ខិតខំលើកកម្ពស់ទំនាក់ទំនង ប្រទេសទំាងពីរឱ្យកាន់ តែរឹងមាំនិងរីកចម្រើន បន្ថែមទៀតដោយនៅក្នុងនោះ បានសន្យាថានឹងកៀរគរ អ្នកវិនិយោគអាស៊ែបៃហ្សង់ មកកម្ពុជាបន្ថែមទៀត។

សូមរំលឹកថាកាលពីឆ្នាំ២០២២ កន្លងទៅ រដ្ឋសភាកម្ពុជានិង រដ្ឋសភាអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិការរដ្ឋសភានៃ ប្រទេសទំាងពីរ ទាំងកម្រិតទ្វេភាគី និងពហុភាគី ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។

សភាកម្ពុជានិងអាស៊ែបៃហ្សង់ តែងបានសហការ និងគាំទ្រគ្នាទៅវិញទៅ មកក្នុងក្របខណ្ឌអន្តរសភា ទាំងក្នុងក្របខណ្ឌ តំបន់និងអន្តរជាតិ ជាអាទិ៍ អន្តរសភាអាស៊ាន (AIPA) សហភាពអន្ដរសភា(IPU) វេទិកាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement/NAM) និងវេទិកាសភា អាស៊ីប៉ាស៊ីហ្វិក (APPF)។

សម្ដេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យកាន់ តែរឹងមាំ និងស្និទ្ធស្នាលបន្ថែមទៀត សភាទាំងពីរគួរបន្ដ ជំរុញការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំសភា ក្រុមមិត្ដភាពរដ្ឋសភា និងគណៈកម្មការ ជំនាញផងដែរ។

ទំនាក់ទំនងដ៏ល្អរវាង កម្ពុជានិងអាស៊ែបៃហ្សង់ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែរួមចំណែក ដល់ការពង្រឹង ពង្រីកទំនាក់ទំនង ចំណងមិត្ដភាព និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសយើងទាំ ងពីរដែលមានរយៈពេល ៣០ ឆ្នាំប៉ុណ្ណោះទេ ហើយថែមទាំងបានរួម ចំណែកដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងសកលលោកថែមទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *