ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រេចកំណត់គោលការណ៍ ផ្ដល់ក្របខ័ណ្ឌបំពេញ ជួសថ្មី៨០ភាគរយ ឱ្យថ្នាក់ក្រោមជាតិ

(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០២៥ តទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់គោលការណ៍ ក្របខ័ណ្ឌបំពេញជួសថ្មី សម្រាប់ក្រសួងមហាផ្ទៃ ដោយទុកសម្រាប់ថ្នាក់ជាតិ តែ ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺផ្ដល់អាទិភាព សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្ដល់ឱ្យគ្រប់គ្រាន់ សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ អធិការដ្ឋាន វរនគរបាលការពារព្រំដែន និងស្នងការដ្ឋាន ខណៈស៊ីវិល គឺក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសម្រេចចិត្តយ៉ាងដូច្នេះ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺដោយយោងទៅលើ ភាពចាំបាច់នៃការពង្រឹង និងពង្រាយ ធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ស្របពេលថ្នាក់ជាតិបានផ្ទេរមុខងារ និងធនធានឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិកាន់តែច្រើន  ដែលទាមទារចាំបាច់ នូវចំនួនមន្ត្រីរាជការសមស្រប សម្រាប់អនុវត្តតួនាទីភារកិច្ច បម្រើសេវាផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

សម្រាប់ឆ្នាំ២០២៥នេះដូចគ្នា លោកបណ្ឌិតអ្នកនាំពាក្យរង បានបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងផ្ដោតលើការពង្រឹងគុណភាពមន្រ្តីដែលមានស្រាប់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយជំរុញទាំងការបណ្ដុះបណ្ដាលផ្ទៃក្នុងតាមអង្គភាពនីមួយៗ និងកម្មវិធីអប់រំបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពទាំងបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ដោយភ្ជាប់ទៅនឹងបរិបទនៃការងារឌីជីថល។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ ថ្មីៗនេះ ក្រសួងមហាផ្ទៃបានប្រកាស អំពីលទ្ធផលនៃការប្រឡង ក្របខ័ណ្ឌនគរបាលជាតិបំពេញជួស ដោយក្នុងចំណោមបេក្ខជនសរុប មានបេក្ខជនប្រឡងជាប់ ប្រមាណ ៧០០ នាក់ សម្រាប់ក្របខ័ណ្ឌន គរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ដែលស្ថិតក្នុង មូលដ្ឋានកំណើតរបស់ពួកគេ និងជាច្រើនអ្នកទៀតនៅតាមអធិការដ្ឋាន និងស្នងការដ្ឋាននគរបាល។ នេះជាសមិទ្ធផលថ្មីមួយ នៃការពង្រាយធនធានមនុស្ស ដែលជាកូនចៅប្រជាពលរដ្ឋ ទៅដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ត្រង់មុំធនធានមនុស្ស ក្រោមការដឹកនាំ ប្រកបដោយប្រតិភាណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *