(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើក ទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ ឱ្យបានជាប់ជាប្រចាំទាំង តាមប្រព័ន្ធផ្សព្វផ្សាយ ប្រពៃណីនិងទំនើប ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងគ្រប់បែប យ៉ាងស្របតាមសេចក្តីត្រូវការ របស់ពលរដ្ឋក្នុងមូលដ្ឋាន ហើយបន្តផ្សព្វផ្សាយ អំពីសក្តានុពលរបស់ខេត្ត ឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍក្នុងខេត្តទាំងមូល។
ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះបានធ្វើឡើងនៅក្នុង ឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់ មេដាយការងារ និងផ្តល់បណ្ណសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ដែលមានស្នាដៃល្អ ក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំ ដោយសង្កត់ធ្ងន់អំពីសារៈ សំខាន់ដែលមន្ទីរព័ត៌មាន ត្រូវបំពេញតួនាទីធ្វើជា សេនាធិការល្អ របស់រដ្ឋបាលខេត្តលើការងារ ព័ត៌មាននិងសាធារណមតិ។
នៅក្នុងបរិបទសង្គមឌីជីថល បច្ចុប្បន្នដែលពលរដ្ឋទទួលព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តក្រុម ការងារព័ត៌មាននិងសាធារណៈ មតិរបស់មន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ពិនិត្យរាល់ព័ត៌មានមិនពិត ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រងនិង ទប់ស្កាត់ការរីកសាយភាយ នៃព័ត៌មានក្លែងក្លាយ ហើយត្រូវឆ្លើយតបឱ្យបាន ទាន់ពេលវេលារាល់ព័ត៌មាន ទាំងអស់ដែលបានផ្សព្វផ្សាយ តាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ ផងដែរអំពីភាពចាំបាច់ក្នុង ការផ្សព្វផ្សាយព័ត៌មានជូនដល់ ពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានកាន់តែច្រើន ដើម្បីពង្រីការទទួល ព័ត៌មានពិតត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ របស់សាធារណជន ដើម្បីផ្តល់ប្រភពព័ត៌មាន ច្បាស់លាស់សម្រាប់ការពិចារណា និងការសម្រេចចិត្តត្រឹមត្រូវ ជាប្រយោជន៍ដល់ការ បង្កើនជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងចូលរួម ប្រឆាំងព័ត៌មានក្លែងក្លាយ។
ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលបានសម្រេចបាន កិច្ចការងារយ៉ាងច្រើន ក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំ សណ្តាប់ធ្នាប់វិស័យ សារព័ត៌មាន ពង្រឹងការអនុវត្តក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ ដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ចំពោះការបានចូលរួមយ៉ាង សកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណៈ មតិអំពីបញ្ហាផ្សេងៗ ដែលបានកើតឡើង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបាន ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ឱ្យបន្តស្រាវជ្រាវស្រូបយក ចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗ ដើម្បីពង្រឹងសមត្ថភាព បន្ថែមទៀតស្របតាម ការវិវត្តន៍ក្នុងសង្គម ហើយត្រូវប្រកាន់ខ្ជាប់ នូវអភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការបំពេញ តួនាទីរបស់ខ្លួន ជាពិសេសដើម្បី ពង្រឹងការផ្សព្វផ្សាយ គ្រប់គ្រង និងឆ្លើយតបព័ត៌មានប្រកប ដោយប្រសិទ្ធភាព ជាសេនាធិការរបស់រដ្ឋបាលខេត្តក្នុ ងការងារព័ត៌មាន និងសាធារណមតិ។