អាជ្ញាធរខេត្តកំពត ប្តេជ្ញាអនុវត្តកម្មវិធីចែកដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍប្រកបដោយ ចីរភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ….

(ខេត្តកំពត)៖ ការអនុវត្តកម្មវិធី “ចែកដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព”  របស់រាជរដ្ឋាភិបាល នឹងចាប់ផ្តើមនៅថ្ងៃទី១ខែកុម្ភៈនេះទៅ ហើយមានរយៈពេលសរុប ៥១ថ្ងៃនៅថ្នាក់ខេត្ត។ ដើម្បីឲ្យទាន់ពេល មានប្រសិទ្ធភាព ប្រសិទ្ធផល ឯកឧត្តមអភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរឃុំសង្កាត់ សូមយកចិត្តទុកដាក់ផ្សព្វផ្សាយ និងធ្វើការវិនិច្ឆ័យកុំឲ្យលម្អៀង។ខណៈដែលមន្ត្រីជំនាញ និងអាជ្ញាធរថាគោលនយោបាយនេះនឹងជួយពលរដ្ឋក្រីក្រឲ្យមានជីវភាពប្រសើរ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមអនុវត្ត កម្មវិធី “ចែកដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ប្រកបដោយចីរភាព” នៅព្រឹកថ្ងៃទី ៣១ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់គណកម្មការចំពោះកិច្ច នៅតាមមូលដ្ឋានឃុំសង្គាត់ សូមយកចិត្តទុកដាក់ក្នុងការអនុវត្តកម្មវិធី “ចែកដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ប្រកបដោយចីរភាព” របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ទាន់ពេលវេលា និងមិនលម្អៀង។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត លោក ព្រាប សុផាត បានបញ្ចាក់ថា ការអនុវត្តកម្មវិធី “ចែកដី ការពារព្រៃ ដើម្បីចូលរួមអភិវឌ្ឍប្រកបដោយចីរភាព” នឹងចាប់ផ្តើមធ្វើការផ្សព្វផ្សាយ និងទទួលពាក់ចពីថ្ងៃទី១ កុម្ភៈនេះទៅ ដំណើរការនិតិវិធីប្រើរយៈពេលសរុប ៥១ថ្ងៃនៅថ្នាក់ក្រោមជាតិ ហើយអាជ្ញាធរមូលដ្ឋានឃុំសង្គាត់ដែលស្ថិនៅក្នុងគណៈកម្មការចំពោះកិច្ច ជាតួអង្គសំខាន់បំផុត។

អាជ្ញាធរស្រុក និងឃុំសង្កាត់បានបង្ហាញសេចក្តីត្រេកអរ និងគាំទ្រចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាលថ្មីមួយនេះ ព្រោះពួកគាត់រំពឹងថា ពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន និងមានដី មានមុខរបរ និងជីវភាពរស់នៅប្រសើរជាងមុន។

អាជ្ញាធរ និងមន្ត្រីជំនាញអំពាវនាវដល់ពលរដ្ឋ ដែលមានសញ្ជាតិខ្មែរពីកំណើត, អត់ដីពិតប្រាកដ, ក្រីក្រ និងមានឆន្ទៈចង់ទៅរស់នៅកន្លែងថ្មីដែលរដ្ឋផ្តល់ជូន សូមប្រញាប់ទៅសាកសួរព័ត៍មានបន្ថែមនៅតាមឃុំសង្គាត់ ដែលខ្លួនកំពុងរស់នៅ ដើម្បីដាក់ពាក្យស្នើសុំដី ឲ្យបានទាន់ពេលវេលា ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *