ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ជំរុញឱ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធបន្ត រួមគ្នាយកចិត្តទុកដាក់ ប្រឆាំងការជួញដូរមនុស្ស..

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈ កម្មាធិការខេត្តប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស បានជំរុញដល់សមត្ថកិច្ចគ្រប់អង្គភាព អាជ្ញាធរមូលដ្ឋាន និងជាមួយអង្គការដៃគូ ត្រូវបន្តរួមគ្នាបង្កើនការទប់ស្កាត់ និងបង្កើនការអប់រំ ផ្សព្វផ្សាយតាមគ្រប់រូបភាព ក្នុងន័យធានាឱ្យបាននូវ ចំណាកស្រុកប្រកប ដោយសុវត្ថិភាព ការទប់ស្កាត់ ការជួញដូរមនុស្ស ក្រោមរូបភាពនាំប្រជាពលរដ្ឋ ទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់ ការធ្វើអាជីវកម្មផ្លូវភេទ និងការប្រើប្រាស់ពលកម្មកុមារជាដើម។

ការថ្លែងយ៉ាងដូច្នេះរបស់ ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសបើក កិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិស ដៅបន្តឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញ ដូរមនុស្សខេត្ត នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការ ចូលរួមពីប្រធាន លេខាធិការដ្ឋាន គ.ខ.ប.ជ ស្ថាប័នសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង មេបញ្ជាការ គ្រប់កងឯកភាព មន្ទីរអង្គភាព អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍ និងតំណាងអង្គការដៃគូ និងសមាជិក សមាជិកា នៃអង្គពិធីប្រមាណ ជាង២០០នាក់នោះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងកងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាង សកម្មនាពេលកន្លងមក ក្នុងកិច្ចការងារប្រឆាំង អំពើជួញដូរមនុស្ស និងទទួលបានលទ្ធផល យ៉ាងល្អប្រសើរ និងបានលើកឡើងថា បទល្មើសជួញដូរមនុស្ស រួមទាំងការធ្វើចំណាកស្រុកមិនស្របច្បាប់ ពលកម្មដោយបង្ខំ និងការបង្ខំប្រព្រឹត្តបទល្មើស នៅតែជាបញ្ហាប្រឈមសំខាន់ មានលក្ខណៈស្មុគស្មាញ និងត្រូវការយកចិត្ត ទុកដាក់បន្ថែមទៀតនោះ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានជំរុញអាជ្ញាធរ គ្រប់លំដាប់ដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ក្នុង ការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើម និងបានអំពាវនាវ ដល់រដ្ឋបាលក្រុង-ស្រុក មន្ត្រីពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋដើម្បីឱ្យយល់ដឹង អំពីផលវិបាកនៃការ ប្រព្រឹត្តអំពើជួញដូរមនុស្ស ស្របពេលដែលបច្ចុប្បន្ន មានមធ្យោបាយនៃ ការទំនាក់ទំនង អូសទាញយុវតី តាមសម័យឌីជីថលទំនើប គឺប្រព័ន្ធអនឡាញជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *