(ខេត្តកំពត) ៖ ថ្លែងបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលធ្វើឡើងនៅ ខេត្តកំពតនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារ បច្ចេកទេសអន្តរ ក្រសួងបានលើកឡើងថា វត្តមានរបស់លោក និងឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា ខេត្ត អភិបាល គណៈអភិបាលខេត្ត ទូទាំងប្រទេសនាពេលនេះ ដើម្បីសិក្សារៀនសូត្រ និងដកយកបទពិសោធ តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ឲ្យ គ.ជ.អ.ប. ដឹកនាំរៀបចំវេទិការ វាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណង បង្ហាញពីការតាំងចិត្តខាង នយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការជំរុញកិច្ច ដំណើរការកំណែទម្រង់ សំដៅរួមគ្នាសម្រេចឲ្យបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣០ និងឆ្នាំ២០៥០។
ឯកឧត្តម បានបន្ថែមថា ដើម្បីសម្រេចទស្សនវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ ចុះនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលទាមទាឲ្យអាជ្ញាធរ ថ្នាក់ក្រោមជាតិ មានការគិតគូរថ្មីៗ ដើម្បីសម្រប និងពិនិត្យមើលកំណែទម្រង់នេះ ជាមួយនឹងគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅទាំងអស់គ្នាធ្វើ ដំណើរឆ្ពោះទៅ សម្រេចចក្ខុវិស័យដែលបាន សន្យាជាមួយប្រជាពលរដ្ឋ នៅឆ្នាំ២០៣០ និង២០៥០។
ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងកំណែទម្រង់នេះ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធ ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ធ្វើអ្វីក៏បាន ឲ្យតែជាត្រូវការរបស់ប្រជាពលរដ្ឋ ហើយមិនខុសរដ្ឋធម្មនុញ្ញ និងច្បាប់។ ឯកឧត្តមលើកទឹកចិត្ត ឲ្យអាជ្ញាធររាជធានីខេត្ត យកបទពិសោធ និងធ្វើតាមគំរូល្អៗរបស់អាជ្ញាធរ ខេត្តកំពតដែលបានអនុវត្តកន្លងមក។
ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ដែរថា វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តមអភិបាលខេត្ត បានប្តេជ្ញាខិតខំបន្តអនុវត្ត ឲ្យកាន់តែប្រសើរថែមទៀត។
តាមរយៈវេទិការយៈពេល១ថ្ងៃកន្លះ បានលើកឡើងពីបញ្ហាប្រឈម សំណើរ សំណូមពរ របស់រដ្ឋបាលឃុំ សង្គាត់ ក្រុង ស្រុក និងខេត្តកំពត ចំនួន ៣៤ករណី ក្នុងនោះខេត្តបានដោះស្រាយរួច១៦ករណី និងស្នើសុំទៅថ្នាក់ជាតិដោះស្រាយ ២៦ករណី៕ ដោយលោក សេង ណារិទ្ធ