ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៦មិថុនា២០២៤នេះគ្រឿងញៀនជាច្រើនប្រភេទ មានទម្ងន់ជាង ៧០០គីឡូក្រាម ដែលបានមកពីការរួមគ្នា បង្ក្រាបរបស់កម្លាំងសមត្ថកិច្ច នៅក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ត្រូវបានដុតបំផ្លាញចោលតាមអំ ណាចសាលក្រមតុលាការ នៅព្រឹកថ្ងៃទី២៦មិថុនា២០២៤នេះ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តស្ទឹងត្រែង។
ពិធីដុតកំទេចគ្រឿងញៀនចម្រុះគ្នាច្រើនប្រភេទ ដែលមានទម្ងន់ជាង ៧០០គីឡូក្រាមនោះ បានធ្វើឡើងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្រោមអធិបតីភាព លោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ,អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ,ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ដោយមានការចូលរួមពី ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង លោក ឌិន ស៊ីវុទ្ធី ,ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក កែវ សុធា គណៈអភិបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សស្សានុសិស្ស គរុសិស្ស និង ប្រជាពលរដ្ឋជាច្រើនរយនាក់។ អភិបាលរង និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តស្ទឹងត្រែង លោក ធូ ចាន់ពៅ បានថ្លែងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលនៅពេលនេះ មានទម្ងន់សរុប ៧០២គីឡូក្រាម និង១៣៦,១៨ក្រាម តាមអំណាចសាលក្រម ក្នុងសំណុំរឿងព្រហ្មទ័ណ្ឌចំនួន ៥ ក្នុងនោះ ប្រភេទមេតំហ្វេតាមីន (ICE) មានទម្ងន់សុទ្ធសរុប៦០៣គីឡូក្រាម និង ៤៣១,០៣ក្រាម ,គ្រឿងញៀនប្រភេទហេរ៉ូអ៊ិនទម្ងន់សុទ្ធសរុប ២០គីឡូក្រាម និង៩៩២,៥៧ក្រាម ,គ្រឿងញៀនប្រភេទកេតាមីនទម្ងន់សុទ្ធសរុប ៣១គីឡូក្រាម និង ៩២៣,២ក្រាម ,គ្រឿងញៀនប្រភេទម៉ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធសរុប ១១គីឡូក្រាម និង ៩៩១,៨៦ក្រាម និងសារធាតុញៀនមិនច្បាស់ទម្ងន់សុទ្ធសរុប ៣៧គីឡូក្រាម និង២១៧,៩២ក្រាម ។
លោក ធូ ចាន់ពៅ បានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់បានចុះពង្រឹងការអនុវត្តវិធានការច្បាប់ តាមរូបភាពនៃការបង្ក្រាប ទប់ស្កាត់ ការចរាចរណ៍ ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់ ប្រុស ក្នុងនោះ មានជនជាតិវៀតណាម ០១នាក់ និងជនជាតិ ថៃ ០៣នាក់ផងដែរ។
អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់វ័យ គ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ ជាពិសេសសិស្សានុសិស្ស សូមបន្តអនុវត្តស្មារតីជាតិ គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា។
លោក ស្វាយ សំអ៊ាង បានបន្តថា សន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដ៏សំខាន់ ដែលផ្ដល់ភាពអនុគ្រោះ ដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវិស័យផ្សេងៗទៀត ឱ្យមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ គ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាលកម្ពុជា បន្តតាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្ន។
លោកអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តស្ទឹងត្រែង បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ពាក់ព័ន្ធនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុងនោះបានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះបញ្ហាក្មេងទំនើង ការបើកបរល្មើសច្បាប់ចរាចរ បង្ក្រាបបទល្មើសនានា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបញ្ហាគ្រឿងញៀន។ ដូច្នេះ យើងត្រូវនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
លោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានថ្លែង ក្រើនរំលឹកដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យបន្តអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជាលេខ០១ បប គោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេល ចំពោះមន្ត្រីទាំងឡាយណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់។
លោកជំទាវឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានជំរុញឱ្យមានការពង្រឹងសមត្ថភាពទទួលខុសត្រូវ របស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO) នៅតាមច្រកទ្វាអន្តរជាតិ ច្រកព្រំដែន និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាទៀតទាត់ជាប់ព្រំដែន ទាំងផ្លូវទឹក (ទន្លេមេគង្គ) និងផ្លូវគោកសំខាន់ៗ ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ សារធាតុគីមីផ្សំផលិតគ្រឿងញៀន ដើម្បីទប់ស្កាត់លំហូរចូលគ្រឿងញៀនពីប្រទេសជិតខាង ឱ្យមានប្រសិទ្ធភាព។SAMNEANG