(ខេត្តបន្ទាយមានជ័យ)៖ មានក្មេងទំនើង២ ក្រុម១មាន ឈ្មោះ ក្រុមTB តាប៊ន នៅក្នុងក្រុងប៉ោយប៉ែត បាន បើកការប្រយុទ្ធគ្នា យ៉ាងសាហាវជាមួយ ក្រុម១ទៀតមាន ឈ្មោះOMB អូរអំបិល ក្រុងសិរីសោភ័ណ ត្រូវបានកំលាំងអាវុធហត្ថឃាត់ខ្លួនបាន៨នាក់ ។ការប្រយុទ្ធគ្នាទាំង២ក្រុមនេះ នៅវេលាម៉ោង៥រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្បែរមន្ទីរ ពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាមុនកើតហេតុនោះកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបាន ទទួលព័ត៌មានពី ក្រុមសង្គ្រោះបន្ទាន់ ក្រុងប៉ោយប៉ែតថា មានករណីក្រុមក្មេង ទំនើង២ក្រុមបាន ដេញវាយកាប់ចាក់គ្នា នៅចំណុចក្បែរមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត ក្រោយពីទទួលព័ត៍មាន ហើយ លោក បានដឹកនាំកម្លាំងចុះទៅ ដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនក្មេងទំនើង បាន២នាក់រួមទាំងវត្ថុតាងមួយ ចំនួនយកមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្មេងទំនើងទាំង២នាក់ បាននិយាយថាពួកគេនិង បក្ខពួកជាច្រើនាក់ គឺជាក្រុមTB តាប៊ន នៅក្នុងក្រុងប៉ោយប៉ែត មានជម្លោះជាមួយក្រុម OMB អូរអំបិល ក្រុងសិរីសោភ័ណ ដោយបានចំលើយហើយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជា បន្តបន្ទាប់បានក្មេង ទំនើងបានចំនួន៦នាក់បន្ថែមទៀត ហើយនាំមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបានធ្វើតេស្តទឹកនោម រកសារធាតុញៀនលទ្ធផល វិជ្ជមានចំនួន៣នាក់ អវិជ្ជមានចំនួន៥នាក់។
ក្មេងទំនើងទាំង៨នាក់ ១.ឈ្មោះធី ចាន់ទី ភេទប្រុស ២៤ឆ្នាំ ២.ឈ្មោះ អ៊ីម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះ ព្រែក វ៉ែន ភេទប្រុស អាយុ២០ឆ្នាំ ៤.ឈ្មោះភាព សុភី ភេទប្រុស អាយុ១៦ឆ្នាំ ៥.ឈ្មោះ នឿត មិនា(យ៉ា) ភេទប្រុស អាយុ១៧ឆ្នាំ ៦.ឈ្មោះ លៀង សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ៧.ឈ្មោះ ណាក់ ណាង ភេទប្រុស អាយុ១៦ឆ្នាំ ៨.ឈ្មោះ ផេង ម៉េងលី ភេទប្រុស អាយុ២៤ឆ្នាំ ទាំង៨នាក់ រស់នៅ ក្រុងប៉ោយប៉ែត ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្លាំងអាវុធហត្ថបាន ដកហូតវត្ថុតាងរួមមាន ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1W-9101 ចំនួន១គ្រឿង ២.កាំបិតកែច្នៃ ប្រវែង៥៨សង់ទីម៉ែត្រ ចំនួន១ដើម ៣.ដំបងឈើ ប្រវែង៩៧សង់ទីម៉ែត្រ ចំនួន១ដើម។
គួរបញ្ជាក់ផងថាក្រុមTB តាប៊នដែលបង្ក្រាបបាន ពួកគេបានចងជាគ្រុប និងទំនាក់ទំនង គ្នាតាមប្រព័ន្ធMessenger ហើយច្រើនប្រមូលផ្តុំ និងណាត់ជួបគ្នា នៅម្ដុំបូរីសានហូរ ក្រុមនេះច្រើនមានគូរ ជម្លោះជាមួយក្រុមOMB អូរអំបិល ក្រុងសិរីសោភ័ណ និងក្រុមJKH ជើងកន្ត្រៃហោះ ក្រុងប៉ោយប៉ែតជាញឹកញាប់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា តាមចម្លើយក្មេងទំនើង ទាំងអស់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ប្រមូលផ្តុំគ្នីគ្នាផឹកស៊ីជាក្រុម និងបានប្រមូលបក្ខ ពួកមានទាំងដំបង និងកាំបិតដេញកាប់ទៅក្រុមOMB ពិតប្រាកដមែន កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្មេងទំនើងទាំង៨នាក់ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាម នីតិវិធីច្បាប់៕