គិតត្រឹមឆ្នាំ២០២៤នេះ ខេត្តកែបប្រមូលផល នេសាទបានជិត បីពាន់តោន តែអ្នកនេសាទនៅ តែត្អូញត្អែថារកមិនសូវបាន…

(ខេត្តកែប)៖ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្នុងខេត្តកែបប្រមូលផលនេសាទបានប្រមាណ ២.៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០តោន សរុប ២.៦៤០តោនហើយទិន្នផលនៅតែកើនតែក្នុងចំនួនតិច។ ប៉ុន្តែទោះជាយ៉ាងណាអ្នកនេសាទនៅខេត្តកែប នៅតែត្អូញត្អែថា ផលនេសាទឆ្នាំនេះរកមិនសូវបាន ហើយកាន់តែថយចុះទៅៗទៅវិញ។

ប្រជានេសាទខេត្តកែប បានបង្ហាញក្តីកង្វល់ លើបញ្ហាប្រឈមចំនួន ៣ពាក់ព័ន្ធការនេសាទនេះ ទី១នេសាទមិនសូវបាន ទី២ ទីផ្សារឡើងចុះតាមមាត់ឈ្មួញ និងទី៣ ការប្រើអួនឆក់ និងអួនអូសរនាស់ របស់អ្នកនេសាទវៀតណាម លួចឆ្មក់ចូលមកនេសាទ ក្នុងដែនទឹករបស់ខ្មែរ។ តែយ៉ាងណា មន្ត្រីជំនាញបានបញ្ជាក់ថា បញ្ហារបស់ប្រជានេសាទត្រូវបានអាជ្ញាធរខេត្ត និងជំនាញយកចិត្តទុកដាក់ ហើយបាននិងកំពុង ដោះស្រាយឲ្យកាន់ តែប្រសើរហើយដែរ។

លោក​ ខេង​ ជា ប្រជានេសាទរស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានបង្ហាញបញ្ហា ប្រឈមរបស់ខ្លួនថា ពួកគាត់ប្រកបរបរ នេសាទច្រើនឆ្នាំមកហើយ ពីមួយឆ្នាំ ទៅមួយឆ្នាំធនធាន សមុទ្រកាន់ហិនហោច ហើយការនេសាទ ថ្ងៃខ្លះបាន ថ្ងៃខ្លះអត់ ប៉ុន្តែរដូវវស្សាការនេសាទ បានច្រើនជាងរដូវប្រាំងបន្តិច។ ពួកគាត់បញ្ជាក់ថា ការថមថយផលនេសាទនេះ ដោយសារកត្តាអភិវឌ្ឍន៍តំបន់ឆ្នេរ និងការប្រើឧបករណ៍ ខុសច្បាប់ដូចជាអួនឆក់ និងអួនអូសរនាស់ របស់ប្រជានេសាទវៀតណាម ដែលលួចចូលមកក្នុង ដែនទឹករបស់ខ្មែរ បំផ្លាញដល់រុក្ខជាតិ  និងសត្វនៅបាតសមុទ្រទាំងធំ ទាំងតូចឲ្យផុតពូជ។ ដោយឡែកចំពោះបញ្ហា ទីផ្សារគ្រឿងសមុទ្រ ក៏មិនសូវល្អដែរ។

លោក ភឺន ផល្លា នាយរងខណ្ឌរដ្ឋបាល ជលផលខេត្តកែប បានប្រាប់ឲ្យដឹងថា ខេត្តកែបមានសហគមន៍ នេសាទចំនួន៥ និងមានទូកនេសាទចំនួន ៥៩៤ទូក ផលនេសាទខេត្តកែប មានការកើនឡើង បន្តិចបន្តួចរាល់ឆ្នាំ។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ផលនេសាទមានចំនួន ២.៧០០តោន ក្នុងនោះផលនេសាទទឹកសាបចំនួន ៦០តោន។ ហើយចំពោះបញ្ហាដែល ប្រជានេសាទលើកឡើងខាងលើ មន្ត្រីជំនាញជលផល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងបំណងដើម្បីរក្សានិរន្តរភាព នៃផលនេសាទរបស់ខេត្តកែប។

បើតាមការបញ្ជាក់ របស់មន្ត្រីជំនាញថា វិស័យកសិកម្ម ក្នុងនោះការងារនេសាទ គឺជាវិស័យស្នូលសំខាន់ទី២របស់ខេត្តកែប បន្ទាប់ពីវិស័យទេសចរណ៍ ហើយរដ្ឋបាលខេត្តកែប ក៏ដូចជាមន្ទីរជំនាញ បាន និងកំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តឲ្យពលរដ្ឋ ក៏ដូចប្រជានេសាទទាំងអស់ ឲ្យងាកមកធ្វើវារីវប្បកម្មឲ្យបានច្រើន ព្រោះតម្រូវការគ្រឿងសមុទ្រកាន់តែកើនឡើង បើពឹងតែលើធនធានធម្មជាតិ មិនអាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់នោះទេ ពិសេសត្រូវរៀនកែច្នៃគ្រឿងសមុទ្រផងដែរ ដើម្បីលក់បានតម្លៃខ្ពស់ជាងមុន៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *