កម្ពុជា​ពន្យល់​វៀតណាម​ថា «ព្រែកជីក​ហ្វូណន តេជោ» នឹង​អាច​ទប់ស្កាត់​ទឹកជំនន់ ​ហូរ​ចូល​ទៅ​វៀតណាម

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ពន្យល់​ប្រាប់​សមភាគី​ វៀតណាម​របស់​លោក​ថា គម្រោង «ព្រែកជីក​ហ្វូណន តេជោ» នឹង​ជួយ​កាត់​បន្ថយ ​ទឹកជំនន់​នៅ​ខេត្ត​ចំនួន​ ៥ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អាច​ការពារ​មិន​ឱ្យ​ មាន​ទឹកជំនន់​ពី​ប្រទេស ​កម្ពុជា​ហូរ​ចូល ​ប្រទេស​វៀតណាម។

លោក បញ្ជាក់​ថា ផ្លូវទឹក​ព្រែកជីក​នេះ​នឹង ​មាន​ការ​សាងសង់ ​សន្ទះ​ផ្លូវ​ទឹក​ចំនួន ៣កន្លែង ស្ថិត​នៅ​ខេត្ត​កណ្ដាល តាកែវ និង​កែប ដែល​ធានា​បាន​នូវ ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់ ​ការ​ជ្រៀតចូល​នៃ​ទឹកប្រៃ​ ទៅ​ក្នុង​បណ្ដាញ​ផ្លូវ​ទឹកសាប និង​អាច​កំណត់​បរិមាណ​និ ង​អត្រា​នៃ​រំហូរ​ទឹកសាប ​ដែល​ត្រូវ​ហូរ​ចេញ​ ទៅ​សមុទ្រ​បាន ដែល​មិន ​អាច​បង្ក​ឱ្យ​មាន​ផល ​ប៉ះពាល់​លើ​ផ្នែក​ បរិស្ថាន​ក្នុង​ប្រទេស ឬ​បង្ក​ផល​ប៉ះពាល់​ជា ​អវិជ្ជមាន​ឆ្លងដែន ​ទៅ​ប្រទេស​ជិត​ខាង​បាន​ឡើយ។

លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លើក​ឡើង​ដូច្នេះ​ក្នុង​ជំនួប ​ជាមួយ​លោក Lee Minh Khai ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម នាថ្ងៃ​ទី២៣ ខែ​ឧសភា នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ក្នុង​ឱកាស​សន្និសីទ ​អន្តរជាតិ​លើកទី​២៩ ស្ដីពី​អនាគត​របស់​អាស៊ី។

លោក​ពន្យល់​ថា៖ «ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គម្រោង​នេះ​នឹង​ជួយ ​រក្សា​លំនឹង​ចីរភាព​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​បង្កើត​ ជម្រក​ចម្រុះ​គ្រប់​ប្រភេទ ​ដែល​មាន​សារប្រយោជន៍ ​សម្រាប់​ការ​កកើត​នៃ ​ពពួក​វារីសត្វ រុក្ខជាតិ និង​មច្ឆាជាតិ​គ្រប់​ប្រភេទ កាត់បន្ថយ​ទឹកជំនន់ ​នៅ​ខេត្ត​ចំនួន​៥ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អាច​ការពារ​មិន ​ឱ្យ​មាន​ទឹកជំនន់ ​ពី​ប្រទេស​កម្ពុជា​ហូរ ​ចូល​ប្រទេស​វៀតណាម»។ នេះ​បើ​យោង​តាម​សេចក្តី​ ប្រកាស​ព័ត៌មាន CDC នាថ្ងៃទី​២៤ ឧសភា។

លោក ស៊ុន ចាន់​ថុល បាន​ដកស្រង់ការ​​សិក្សា​ «យ៉ាង​លម្អិត» ​ដែល​បង្ហាញ​ថា បច្ចុប្បន្ន​ទឹកហូរ​ពី​ទន្លេ​មេគង្គ​ ទៅ​សមុទ្រ​មាន​ប្រមាណ ៨០០០ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី ហើយ​ថា​ចំពោះ ​ទន្លេ​បាសាក់​មាន​ទំហំ ១៤០០​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី ចំណែក​គម្រោង ​ព្រែកជីក​ហ្វូណន​នឹង ​ប្រើប្រាស់​ទឹក​ត្រឹមតែ ​៥ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី​ តែប៉ុណ្ណោះ ឬ​ប្រមាណ ០,០៥៣ភាគរយ។

លោក​ពន្យល់​ថា គម្រោង​នេះ​ជា​ព្រែកជីក ដែល​ជីក​លើ​តម្រាយ ​ខ្សែ​ផ្លូវ​ទឹក​ធម្មជាតិ និង​ផ្លូវទឹក​បុរាណ​ដែល​ បាន​បន្សល់​ទុក​ស្រាប់ ហើយ​ធ្លាប់​បាន​ប្រើប្រាស់​តាំ​ង​ពី​អាណាចក្រ​ហ្វូណន ហើយ​ថា កម្ពុជា​បាន​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​អស់ ​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ ដោយ​មាន​ការ​ចូលរួម ​ពី​ជំនាញ​ការ​បច្ចេកទេស​ ជាន់ខ្ពស់​សរុប​ចំនួន​៤៨នាក់។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ថា ក្នុង​ចំណោម​៤៨​នាក់​នោះ មាន​កម្រិត​ជំនាញ​ ជា​សាស្រ្តាចារ្យ​មហាបរិញ្ញា​ វិទ្យាសាស្ត្រ​ចំនួន​១១នាក់ វិស្វករ​ជាន់ខ្ពស់​លំដាប់​ ពិភព​លោក​ចំនួន​៣០នាក់ និង​កម្រិត​វិស្វករ​ចំនួន ៧​នាក់ ដែល​សុទ្ធសឹង តែ​មាន​ជំនាញ​និង​ បទពិសោធន៍​ជាច្រើន​ឆ្នាំ​ លើ​វិស្វកម្ម​សំណង់​ផ្លូវទឹក វិស្វកម្ម​បូម​ស្តារ​ព្រែកជីក ការ​រចនា​ប្លង់​សាងសង់​ផ្លូវ​ទឹក វិភាគ​ជលសាស្ត្រ បរិស្ថាន សេដ្ឋកិច្ច​សង្គម និង​គ្រប់​ទិដ្ឋភាព​ជំនាញ​បច្ចេក​ទេស លើ​គ្រប់​វិស័យ​ដែល​ពាក់ព័ន្ធ។

ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ព្រែកជីក​នេះ​នឹង​ត្រូវ​បាន ​ប្រើ​ប្រាស់​ដោយ​កង​ទ័ព​ចិន​ សម្តេចតេជោ​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី បាន​ថ្លែង​កាល​ពី​ខែ​មេសា ថា កម្ពុជា​មិន​ល្ងង់​រហូត​ដល់​ យក​កង​ទ័ព​ចិន​ មក​ដាក់​លើទឹក​ដី ​របស់​ខ្លួន​ដែល​ផ្ទុយ​ទៅ ​នឹង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នោះ​ទេ។

លោក​បន្ថែម​ថា ​ចិន​ក៏​មិន​ល្ងង់​យក​កងទ័ព​ មក​ដាក់​ចោល​ក្នុង​ស្រុកខ្មែរ ​ដែល​ផ្ទុយ​នឹង​គោលការណ៍ ​នៃ​ការ​គោរព​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព ​របស់​កម្ពុជា​នោះ​ដែរ។

គម្រោង​ព្រែកជីក ​ដែល​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ​​​ នេះ​នឹង​ចំណាយ​ទឹកប្រាក់ ​១,៧​ពាន់​លាន​ដុល្លារ និង​ពេល​វេលា​សាងសង់ ​៤​ឆ្នាំ។

ក្នុង​សុន្ទរកថា​ពិសេស​ នៅ​វេលា​ថ្ងៃត្រង់​​ថ្ងៃ​ទី​១៦ ខែ​ឧសភា​ សម្តេចតេជោ ហ៊ុន សែន បាន​ផ្ដល់​មតិ​​ឱ្យ ​រាជរដ្ឋាភិបាល​ចាប់​ផ្ដើម ​សាងសង់​ព្រែកជីក​នេះ ​ឱ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​បាន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *