(ខេត្តកែប)៖ កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក គង់ ផែន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ស្តីពី ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុង បន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដែលរៀបចំឡើងដោយ បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស នៅសាលាខេត្តកែប ដោយមានអ្នកចូលរួម ប្រមាណជាង២០០នាក់។
មានប្រសាសន៍ស្វាគមន៍ ក្នុងពិធីផ្សព្វផ្សាយនេះ លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប បានថ្លែងអំណរគុណ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម ដែលបានរៀបចំវគ្គ ផ្សព្វផ្សាយដ៏មាន សារៈសំខាន់ជូនដល់ មន្ត្រីរាជការខេត្តកែប នាពេលនេះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាល អាណត្តិថ្មីក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអនុវត្តនូវ កម្មវិធីជំនួយសង្គម សំខាន់ៗមួយចំនួន ដូចជាកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីផ្តល់អាហារតាម សាលារៀនដោយប្រើប្រាស់ កសិផលក្នុងសហគមន៍ កម្មវិធីអាហារូបករណ៍ ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា សម្រាប់កុមារមកពីគ្រួសារក្រីក្រ កម្មវិធីរបបគោលនយោបាយសម្រាប់ជនពិការក្នុងសហគមន៍ និងកម្មវិធី សាច់ប្រាក់ពលកម្មជាដើម។
ក្នុងនោះដែរលោក អភិបាលរងខេត្ត ក៏បានជម្រុញមន្ត្រីរាជការខេត្តកែប៖ ចូលរួមអនុវត្តតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋាន គតិយុត្តទាំងអស់ដែលពាក់ព័ន្ធ នឹងរបបសន្តិសុខសង្គម ដែលមានជាធរមាន ដើម្បីសំដៅធានាការ លើកកម្ពស់សុខមាលភាព និងអត្ថប្រយោជន៍ មន្ត្រីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព និងជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់ សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុក ទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតបំផុត ដើម្បីទទួលបាន អត្ថប្រយោជន៍ពី សន្តិសុខសង្គម។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា របបសន្តិសុខសង្គមផ្នែក ថែទាំសុខភាពតាម របបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គឺជាកម្មវិធីអាទិភាព១ ក្នុងចំណោមកម្មវិធី គោលនយោបាយ អាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការផ្តល់ ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់ សុខភាពជាសកល របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបន្តថា ការដាក់ឱ្យដំណើរការកម្មវិធីនេះ មានគោលបំណងពង្រីក វិសាលភាពនៃការផ្តល់ ការថែទាំសុខភាព បន្ថែមពីសមាជិក ប.ស.ស. ជាបងប្អូនកម្មករនិយោជិត និងមន្ត្រីសាធារណៈ ទៅដល់អ្នកដែល ស្ថិតនៅ ក្នុងបន្ទុករបស់គាត់ ជាប្តី ប្រពន្ធ និងកូន ព្រមទាំងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធជាបុគ្គលស្វ័យ និយោជន៍។
ដើម្បីជំរុញការអនុវត្តកម្ម វិធីរបបសន្តិសុខសង្គមផ្នែក ថែទាំសុខភាពតាមរបប ភាគទានដោយស្ម័គ្រចិត្ត ប្រកបដោយភាពជោគជ័យ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើយុទ្ធនាការផ្សព្វផ្សាយតាម ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជន សរុបចំនួន ៤,៨៦២លើក ដែលមានអ្នកចូលរួមចំនួន ១,៤១០,៥៦២នាក់ និងបានផ្សព្វផ្សាយផ្ទាល់ទៅដល់រដ្ឋបាលរាជធានី ខេត្ត សរុបចំនួន ៤លើក ដែលមានមន្ត្រីសាធារណៈ ចូលរួមប្រមាណ ១,៣៥៧នាក់ បើរាប់បញ្ចូលទាំងកម្មវិធីនាព្រឹកនេះ ។
ឯកឧត្តមក៏បានបានសំណូមពរ និងអំពាវនាវ ដល់មន្រ្ដីរាជការខេត្តកែបទាំងអស់ សូមពន្លឿននាំសហព័ទ្ធដែលជាប្ដី ឬប្រពន្ធ និងកូនៗក្នុងបន្ទុករបស់ខ្លួន មកចុះឈ្មោះធ្វើប័ណ្ណ សមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលនៅជិត ដើម្បីទទួលបានអត្ថប្រយោជន៍ របបសន្ដិសុខសង្គម និងជាការចូលរួមចំណែក សម្រេចគោលដៅការ គ្របដណ្ដប់សុខភាពជា សកលរបស់ រាជរដ្ឋាភិបាលផងដែរ៕ ដោយលោក សេង ណារិទ្ធ